ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអនុញ្ញាតឲ្យគណៈប្រតិភូអង្គការហេឡូត្រាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជា


អាជ្ញាធរមីន៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យគណៈប្រតិភូអង្គការហេឡូត្រាស ដឹកនាំដោយលោក Tim Church, Chairman of HALO’s Trustees ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងធំធេងរបស់អង្គការហេឡូត្រាស ដែលបានជួយបោសសម្អាតមីនជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្កបង្កើនផលដំណាំកសិកកម្ម សាងសង់លំនៅដ្ឋាន សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនៅតាមសហគមន៍មូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យអង្គការហេឡូត្រាសបន្តជួយបណ្តុះបណ្តាលជំនាញបោសសម្អាតមីនបន្ថែមដល់ប្រតិបត្តិករនៅតាមមូលដ្ឋាន ដើម្បីជួយពន្លឿនដល់ការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុខ។