រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃអង្គារសប្តាហ៍ក្រោយដើម្បីពិភាក្សានិងអនុម័ត


សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០និងច្បាប់៣ផ្សេងទៀត
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំផងដែរ។

ជាលទ្ធផលគណៈកម្មាធិកាការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់បន្តសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ ដោយមានរៀបវារៈ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤។

សេចក្តីព្រាងច្បាប់ទំាងបួន ដែលរដ្ឋសភានឹងពិភាក្សាអនុម័តនៅសប្តាហ៍ក្រោយនោះ មាន សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

និង សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជា ជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផល ស្តុកត្រីផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕