ឯកឧត្ដម​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការលើកកំពស់វិនិយោគសេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី


សាធារណរដ្ឋឥណ្ឌូនេស៊ី: នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០១៩ ឯកឧត្តមឧកញ៉ាបណ្ឌិត​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) បានអញ្ជើញចូលរួមសិក្ខាសាលា នៅទីក្រុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេសុី។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ស៊ុលតង់ សេណាយ៉ាន់( Sultan Hotel senayan) ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានសមាជិកចូលរួមមកពី ២៣ ប្រទេស ក្រោមប្រធានបទ “លើកកំពស់វិនិយោគសេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញ”​ ដែលសិក្ខាសាលានេះធ្វើឡើងមុននឹងសន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម DMDI ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃដដែលនេះផងដែរ។

ក្នុងឱកាសថ្លែងសន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា បងប្អូនខ្មែរឥស្លាម មានដើមកំនើតមកពី ចំប៉ា ក្រោយមកមានការបែកបាក់ ទៅរស់នៅ ដល់តំបន់ អាចេស ប្រទេសឥណ្ឌូនេសុី ថៃ ម៉ាឡេស៊ី ព្រុយណេ ជាដើម។ ចំពោះបងប្អូនខ្មែរឥស្លាមនៅកម្ពុជា បានរស់នៅជាអន្តោប្រវេសន៍ជាង ២០០ ឆ្នាំ។ ក្រោយពីទទួលបានឯករាជ្យ ពីបារាំង ព្រះបរមរតនៈកោដ សម្ដេច ព្រះបាទនរោត្តម សីហនុ បានបញ្ជូលបងប្អូនឥស្លាមទាំងអស់អោយទទួលបានសញ្ជាតិ កម្ពុជា រហូតដល់សព្វថ្ងៃ។ ប្រទេសកម្ពុជា មានប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ ៩៣ ភាគរយ។ ក្រោយពីទទួលបានឯករាជ្យពីបារាំងហើយ ជាអកុសល របបសេនាប្រមុខ លន់ ណុល ចូលមកដល់ ធ្វើឲ្យកម្ពុជាបែកបាក់រងការខ្ទេចខ្ទាំ គ្រាប់បែកបានទម្លាក់ ជាង ៣ លានតោន មកលើទឹកដីកម្ពុជា មិនយូរប៉ុន្មាន របប ប៉ុល​ ពត បានកាប់សំលាប់ប្រជាជនកម្ពុជាប្រមាណជាង ៣ លាននាក់ ក្នុងនោះក៏មានបងប្អូនខ្មែរឥស្លាមប្រមាណ ៣០ មុឺននាក់ផងដែរ។

លុះក្រោយឆ្នាំ ១៩៧៩ កងកម្លាំងរដ្ឋាភិបាល បានដណ្ដើមជ័យជំនះ និងគ្រប់គ្រងប្រទេសរហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសដ៏ខ្ចេចខ្ទាំនេះពីបាតដៃទទេ រហូតមានការអភិវឌ្ឍ និងរីកចំរើនដល់បច្ចុប្បន្ន។

ឯឧទេសរដ្ថមន្រ្តី បានមានប្រសាសន៍បន្តរទៀតថា សេដ្ឋកិច្ចកម្ពុជា មានកំណើនជាង ៧ ភាគរយ ក្នុងរយៈពេលជាង ២០​ ឆ្នាំចុងក្រោយនេះ កម្ពុជាបច្ចុប្បន្ន កំពុងបើកចំហរ និងសម្រួលដល់វិនិយោគិន អោយចូលបើកក្រុមហ៊ុនរកស៊ីនៅកម្ពុជា លើសពីនេះ រដ្ឋាភិបាលកម្ពុុជាបានបើកផ្លូវឱ្យមាន ឧស្សាហកម្ម Halal ដែលជាឪកាសថ្មីមួយទៀត សំរាប់បងប្អូន ធុរជនពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។

ប្រទេសកម្ពុជា ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ តែមិនមានបញ្ហាសម្រាប់បងប្អូនខ្មែរឥស្លាមក្នុងការប្រតិបិត្តតាមសាសនារបស់ខ្លួនឡើយ ផ្ទុយទៅវិញ សហគមន៍ឥស្លាមនៅកម្ពុជា ទទួលបានសុខមាលភាព ស្ថេរភាព និងការរីកចំរើន ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

ជាទីបញ្ចប់ ឯឧទេសរដ្ឋមន្រ្តី បានស្នើសុំ ប្រធាន DMDI ចូលរួមឧបត្ថម្ភគាំទ្រ ជាបច្ចេកទេស ដល់ឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ៕