សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១- ពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
២- ពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
៣- ពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិ-
ការព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឱ្យព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ លើសេចក្តីព្រាងច្បាប់ចំនួន៣ខាងលើហើយដែល សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១ និងទី២ គឺស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម…រីឯសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៣ គឺស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ
កិច្ចការនារី។
បន្ទាប់ពីបានស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិការរួចមកអង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៣ខាងលើហើយប្រគល់ជូនគណៈកម្ម-
ការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ និងផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ ក្នុងអង្គប្រជុំ នាពេលខាងមុខ៕