ឯកឧត្ដម ឃួង ស្រេង៖ ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅរាជធានីភ្នំពេញ


ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា រដ្ឋបាលរាជធានី ភ្នំពេញ បានសម្រេចបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការហើយ ដោយ មានការឯកភាពទាំងស្រុងពីអាជីវករ។ ផ្សារទំនើបសិនជូរីផ្លាហ្សានេះនឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់បម្រើឱ្យសេចក្ដី ត្រូវការរបស់អតិថិជន។

លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារ ទំនើបសិនជូរីផ្លាហ្សានឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារទំនើបមួយនេះលេចចេញរូប រាងឡើង។

លោកស្រី ចាន់ សុទ្ធា បានប្តេជ្ញា សម្រេចឱ្យបាននូវការអភិវឌ្ឍផ្សារទំនើបមួយនេះ ឱ្យរួចរាល់តាមផែនការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំ របស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថាផ្សារ ទំនើបនេះ ប្រកបដោយសោភណភាព បរិស្ថាន អនាម័យ និងកម្រិតស្តង់ដារអន្តរជាតិ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាព ផ្សារសិនជូរីផ្លាហ្សា នាពេលបច្ចុប្បន្ន មានសភាពទ្រុឌទ្រោម ពុំមានអនាម័យ និងបរិស្ថានល្អ ទាំងនៅក្នុងផ្សារ និងជុំវិញបរិវេណផ្សារ មានការលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាសោភណ្ឌភាពរាជធានី ជាពិសេស តំបន់នេះ ជាចំណុចឆ្លងកាត់របស់ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនៅលើពិភពលោក និងភ្ញៀវទេសចរផងនោះ រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុន ឯកជនធ្វើការវិនិយោគសាងសង់ជាផ្សារទំនើបនេះឡើង ដោយគិតគូរជាពិសេសចំពោះផលប៉ះពាល់ជាមួយអាជីវករលក់ដូនៅក្នុងផ្សារនេះ។

ឯកឧត្ដមអភិបាល ក៏បានស្នើឱ្យអាជីវករនិងប្រជាពលរដ្ឋមានការអធ្យាស្រ័យ និងយោគយល់ ចំពោះដំណើរការអនុវត្តគម្រោងសាងសង់នេះ ដើម្បីឱ្យសម្រេចបានតាម ផែនការដែលបានគ្រោងទុក និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសហការគ្នា សម្រួលរាល់ផលប៉ះពាល់ និងការងារចាំបាច់នានារបស់ក្រុមហ៊ុន និង អ្នករស់នៅជុំវិញបរិវេណផ្សារនេះ។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនទទួលការសាងសង់ គោរពតាមលក្ខខណ្ឌបច្ចេកទេស ដោយគិតទៅលើគុណភាព សុវត្ថិភាព សោភណភាព និងបរិស្ថាន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ឯកឧត្ដមអភិបាល សុំឱ្យប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាល ពិសេសការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលដឹកនាំប្រទេសឱ្យមានការ អភិវឌ្ឍរីក ចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយបាននាំនាវាកម្ពុជា ឱ្យសម្រេចបាននូវគោល ដៅមួយ គឺស្មើមុខស្មើមាត់ ជាមួយបណ្តារប្រទេស នៅក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សានេះ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ផ្តើមសាងសង់រយៈពេល២៤ខែ គិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋាននេះទៅ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ ក្រោយសាងសង់រួច នឹងបើក ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារសម្រាប់អាជីវករចូលមកលក់ដូរវិញ នៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន៦៧៩តូប ក្នុងនោះ តូបគ្រប់គ្រង ដោយរដ្ឋចំនួន៣៥០តូប