អភិបាលខេត្តមណ្ឌលគិរី ក្រើនរំលឹកដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តច្បាប់ចរាចរណ៍ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដើម្បីធានានូវអាយុជីវិត និងកាត់បន្ថយភាពក្រីក្រ


មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាឃាតករលែកមុខមួយដ៏កាចសាហាវ និងមិនមានឱសថណាអាចព្យាបាលបានឡើង ប្រសិនបើយើងទាំងអស់គ្នាធ្វេសប្រហែស ដូច្នេះ ដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទាល់តែមានការចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា ហើយការអនុវត្តច្បាប់នេះ ត្រូវផ្តើមចេញពីមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកអនុវត្ត និងគោរពច្បាប់ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដើម្បីធានានូវអាយុជីវិត និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងទិវារំលឹកដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា កន្លងមកឃើញថា មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មានការធូរលុងច្រើន ក៏ប៉ុន្តែមានការប្រតិកម្ម និងអន្តរាគមន៍ពីបុគ្គលមួយចំនួន ទើបធ្វើឱ្យការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព។ ដូច្នេះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានស្នើដល់មន្រ្តីអនុវត្តច្បាប់ ត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេស ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ពាក់ខ្សែក្រវ៉ាត់ មួកសុវត្ថិភាព បើកបរហួសល្បឿនកំណត់ និងបើកបរនៅពេលពិសារគ្រឿងស្រវឹង និងផ្ទុកលើសទម្ងន់ ត្រូវធ្វើការចាប់ឃាត់ដាច់ខាត់ ដើម្បីឱ្យអនុវត្តតាមទៅច្បាប់ បើទោះបីមានការអន្តរាគមន៍ពីខាងណាក៏ដោយ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតឡើងឥតឈប់ឈរ ជារៀងរាល់ឆ្នាំ ដែលបណ្តាលមកពីកត្កាមនុស្ស យាន្តយន្ត និងផ្លូវថ្នល់ ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក ម៉ឺន សុវណ្ណនី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់សម្ភារៈសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមមានខិតប័ណ្ណចំណាំងផ្លាត ផ្ទាំងរូបភាពសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកបើកបរយានយន្ត នៅតាមទីសាធារណៈ សាលារៀន អង្គភាពស្ថាប័ននានា ព្រមទាំងមួកសុវត្ថិភាព នៅតាមបណ្ដាក្រុងស្រុកទាំង០៥ បានចំនួន ១២លើក។ លោក បន្ថែមថា ទិន្នន័យគ្រោះថ្នាក់ចរារចរណ៍ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន៣២លើក ក្នុងនោះស្លាប់ ១៧នាក់ ស្រី ០២នាក់ របួសធ្ងន់ ២៩នាក់ ស្រី ០៥នាក់ របួសស្រាល ១៣នាក់ ស្រី ០២នាក់។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃប្រោះព្រំតាមដងផ្លូវក្នុងក្រុងសែនមនោរម្យ ដើម្បីសុំសេចក្តីសុខ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់ និងចៀសឱ្យឆ្ងាយពីគ្រោះថ្នាក់ផ្សេងៗផងដែរ៕