កិច្ចប្រជុំបច្ចេកទេសស្តីពីការរៀបចំពង្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមនិងខេត្តជាប់ព្រំដែន


រសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពតមានជំនួបប្រជុំរវាងថ្នាក់ដឹកនាំខេត្តកំពតជាមួយគណៈប្រតិភូក្រសួងផែនការកម្ពុជា និងគណៈប្រតិភូក្រសួងផែនការវៀតណាមស្តីពីការរៀបចំសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនឆ្នាំ២០២១-២០៣០។
ប្រតិភូក្រសួងផែនការកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ។ ចំណែកប្រតិភូក្រសួងផែនការវៀតណាមដឹកនាំដោយលោកជំទាវ ផាន់ ង៉ុកម៉ាយភឿង អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍យុទ្ធសាស្រ្ត នៃក្រសួងផែនការសារធារណរដ្ឋវៀតណាម។
កិច្ចពិភាក្សាបានផ្តោតលើវិស័យសំខាន់ៗចំនួន០៩ រួមមាន វិស័យគមនាគមន៍ វិស័យវិនិយោគ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យបរិស្ថាន វិស័យសុខាភិបាល ព្រមទាំងខឿនសេដ្ឋកិច្ចជាប់ព្រំដែន។
ជាកិច្ចឆ្លើយតបចំពោះគោលបំណងរបស់គណៈប្រតិភូវៀតណាម ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលគ្រប់វិស័យទាំង៩នេះខាងលើ។ ខេត្តកំពតបានរៀបចំកិច្ចសហប្រត្តិបត្តការដោយគ្រោងបង្កើតផ្សារតាមព្រំដែន សាងសង់កំពង់ផែចំនួន៥ ដែលក្នុងនោះមាន កំពង់ផែអន្តរជាតិ០១។ ជាមួយនេះ ខេត្តកំពតបាន និងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្ត ហើយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសស្ថាបនាផ្លូវទៅកាន់ប្រទេសវៀតណាមជាដើម។ ដោយឡែក រាល់បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀនយ៉ាង ក៍ដូចជាប្រទេសវៀតណាម រដ្ឋបាលខេត្តកំពតនឹងខិតខំប្រឹងប្រែងឲ្យនៅកម្រិតអប្បបរមាតាមដែលអាចធ្វើបាន៕