អង្គវិបស្សនា​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ​


ខេត្ត​កំពង់​ចាម៖ អង្គវិបស្សនា​​ប្រចាំ​ឆ្នាំ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី ​ផ្ដល់​វេទិកា​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការ​​ពិភាក្សា​អំពី​បញ្ហា​​ប្រឈម ដើម្បី​វាយ​តម្លៃ​អំពី​វឌ្ឍនភាព​វិស័យ​អប់រំ
​ព្រមទាំង​បង្កើត​​ឱកាស​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​គ្នា​លើ​ចំណុច​​អាទិភាព ក្នុង​វិស័យ​អប់រំ។

អង្គវិបស្សនា​នេះ​ផង​ដែរ ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃ​គូ​អភិវឌ្ឍ​ដើម្បី​ឆ្លុះ​បញ្ចាំង​ការងារ ​ដោយ​ពឹង​ផ្អែក​លើ​របាយការណ៍​ និង​កិច្ច​ពិភាក្សា​ ដែល​ទទួល​បាន​ពី​សន្និបាត​អប់រំ ឆ្នាំ​២០១៩ បញ្ហា​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជា​ដើម ព្រមទាំង​ជួយ​ឱ្យ​ដៃគូ​អភិវឌ្ឍ​អាច​កំណត់​បាន​ថា ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

អង្គវិបស្សនា​នេះ​ ត្រូវ​បាន​​ដឹកនាំ​ដោយ​​​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ ព្រមទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​​ ព្រមទាំង​លេខាធិការ​​នៃ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​​អប់រំ​ថ្នាក់​ក្រោម​ជាតិ (JTWG) និង​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ (ESWG)៕

២៦ – ២៨ វិច្ឆិកា ២០១៩ | សណ្ឋាគារ LBN ខេខេត្តកំពង់ចាម