កម្រងទិដ្ឋភាព ព្រឹត្តិការណ៍ “រាត្រីចងចាំ” អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ


នារាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សាលាខេត្តសៀម និងស្ថាប័នពាក់ព័ន្ធដទៃទៀត រៀបចំព្រឹត្តិការណ៍ “រាត្រីចងចាំ” អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានប្រារព្ធនៅព្រះលានជល់ដំរី ខេត្តសៀមរាប។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប។

នៅក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” នេះមានការសម្តែងដូចជា របាំព្រះរាជទ្រព្យ (ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣), ល្ខោន​ស្រមោល​ស្បែក​ធំ (ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥), ចាប៉ីដងវែង (បានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦), ល្ខោនខោល (ដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨) និងមានការសម្តែងក្រុមស្គរបុរស។

ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងបំផុសសាធារណជនឲ្យបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ដើម្បីរួមចំណែកថែរក្សាការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបី ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ដោយផ្សារភ្ជាប់ទៅក្នុងសក្តានុពលវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងសំបូរបែប។ ព្រឹត្តិការណ៍រាត្រីចងចាំ “១ឆ្នាំនៅក្នុងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ” បានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តជាតិឲ្យធ្វើដំណើរមកកាន់គោលដៅកម្ពុជាកាន់តែច្រើនឡើង ស័ក្កិសមនឹងកិត្តិនាម « កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» និងជា «ព្រះរាជាណាចក្រនៃវប្បធម៌» ៕