ពិធីបិទបញ្ចប់ដំណើរក្បួនរថយន្តទេសចរណ៍ (Caravan Tours) ផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌ ឡានឆាង-មេគង្គ


រយៈពេល២៧ថ្ងៃ ក្នុងចម្ងាយផ្លូវជិត ៦ពាន់គីឡូម៉ែត្រ នៃដំណើរផ្លាស់ប្តូរទេសចរណ៍-វប្បធម៌ ទន្លេឡានឆាង-មេគង្គ ដោយយានយន្តផ្ទាល់ខ្លួន (Caravan Tours) ទៅកាន់រមណីយដ្ឋានបូរាណចិន ឡាវ និងកម្ពុជា ក្រោមប្រធានបទ (ភ្នំនិងទឹក មិនអាចកាត់ផ្តាច់បាន ជោគវាសនាត្រូវតែតភ្ជាប់) ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅសៀមរាប-អង្គរ។

ក្បួនរថយន្តទេសចរណ៍ផ្ទាល់ខ្លួន (Caravan Tours ) ចេញពីទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ឆ្លងកាត់ប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធពិធីបិទបញ្ចប់ដំណើរទេសចរណ៍ដ៏មានសារៈសំខាន់នេះ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមអ្នកទេសចរចិន (Caravan Tours) បានធ្វើដំណើរទស្សនាកំសាន្តចុងក្រោយរយៈពេល២ថ្ងៃនៅខេត្តសៀមរាប (តំបន់វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរ បេតិកភ័ណ្ឌនៃមនុស្សជាតិ)។ លោក Liu Zhi Jie អគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ក៏មានវត្តមាននៅក្នុងពិធីបិទបញ្ចប់ដំណើរទស្សនកិច្ចនេះផងដែរ។

លោកស្រី Shi Ling អគ្គនាយករងប្រចាំមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណាន បានបង្ហាញក្តីសោមនស្សរីករាយកក់ក្តៅ ដែលបានជួបជុំគ្នានៅលើដែនដីនៃបេតិកភ័ណ្ឌពិភពលោក(ប្រាសាទអង្គរវត្ត) ដ៏ល្បីល្បាញនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ ដំណើរទស្សនាចរនេះ គឺជាការបង្ហាញអំពីទំនាក់ទំនងវិស័យទេសចរណ៍-វប្បធម៌ ទន្លេឡានឆាង ជាមួយទន្លេមេគង្គ ដូចអ្វីដែលត្រូវបានជ្រើសរើសយកមកធ្វើជាប្រធានបទ( ភ្នំនិងទឹក មិនអាចកាត់ផ្តាច់ពីគ្នាបាន ជោគវាសនាត្រូវតែតភ្ជាប់) ហើយព្រឹត្តិការណ៍នេះបានបង្ហាញថា ចិន ឡាវ កម្ពុជា មានបំណងរួមគ្នាក្នុងចំណុចចាប់ផ្តើមថ្មីមួយ ដើម្បីអនាគតទទួលបានកំណើនភ្ញៀវទេសចរពិភពលោកដ៏ច្រើនមកកាន់ទីនេះ។

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ក៏បានវាយតម្លៃដែរថា ការធ្វើដំណើររបស់ក្បួនរថយន្តទេសចរណ៍នេះ គឺជាឱកាសមាសមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជាមួយនិងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅលើទឹកដីដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គ និងឡានឆាង ដែលជាតំបន់ប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត។

ឯកឧត្តមមានប្រសាសន៍ថា ជាង៦០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកចំណងមិត្តភាពឥតឈប់ឈរ ពិសេសរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ចំណងមិត្តភាពនៃប្រទេសទាំង២ មានការរីកចំរើនគួរកត់សំគាល់ គឺដូចពាក្យមួយឃ្លាដែលថា (មិត្តភាពបង្កើតអនាគតរួមគ្នា)។ ប្រទេសទាំងពីរ (កម្ពុជា-ចិន) បានកំណត់យកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ដែលផ្តល់សារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឲ្យបានកាន់តែស៊ីជម្រៅស្របតាមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីជំរុញបន្ថែមទៀតដល់ទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌ នាំលំហូរភ្ញៀវទេសចរទៅវិញទៅមក៕