ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា មុនពេលចាកចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន


នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នេះផងដែរ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា មុនពេលចាកចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវក្តីមោទន:ចំពោះការរីកចម្រើនរបស់វិស័យកីឡាការ៉ាតេនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាលើកនេះ កីឡាករ កីឡាការិនី នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមដណ្ដើមមេដាយ ជូនប្រទេសជាតិ ។
ទន្ទឹមនឹងការលើកទឹកចិត្ត ការផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភនូវថវិកាចំនួន ៤០លានរៀល ដល់ប្រតិភូកីឡាការ៉ាតេកម្ពុជាផងដែរ ។

សូមបញ្ជាក់ជូនថា ប្រតិភូកីឡាការ៉ាតេជម្រើសជាតិកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ៕