រដ្ឋបាលខេត្តសៀមរាបរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទីមួយនៅស្រុកស្រីស្នំ


នាព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៩នេះ នៅស្រុកស្រីស្នំ ខេត្តសៀមរាប មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោកពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុក ក្រឡាញ់ និង ស្រុកស្រីស្នំ ចំនួននាក់៦០៧ ស្រី ១៣៣នាក់ ។

វេទិកានេះ មានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញនូវមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តម អ៊ាន ឃុន បានគូបញ្ជាក់ នូវគោលបំណងសំខាន់ៗ ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម និង អំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និង ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ ការពិភាក្សាលើខ្លឹមសារ និង របាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើមី្បពិនិត្យពិភាក្សា ដោះស្រាយ ជម្រុញការចូលរួម និង បង្កើនភាពសិ្នទ្ធស្នាលរវាងអ្នកផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ។

បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុង និង បង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និង ទិដ្ឋាភាពរួម នៃការអភិវឌ្ឍន៍នៅដែនសមត្ថកិច្ចឆ្នាំ២០២០.២០២៤ និង ការបង្ហាញរបស់លោក ពិន ប្រាកដ ស្តីពីសមទ្ធិផល និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៩រួចមក ក្នុងនោះដែរសមាជិកនៃអង្គវេទិកា បានលើកនូវសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយផ្តោតទៅលើ បញ្ហាការតម្លៃអគ្គិសនី ,ការងារអប់រំ ,បញ្ហាផ្លូវថ្នល់ ,ការសុំបង្កើតរចនាសម្ព័ន្ធភូមិ ,បញ្ហាសេវាសាធារណៈ, ប្រព័ន្ធធារាសាស្ត្រ , សាងសង់មណ្ឌលសុខភាព និង ហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរផ្ទាត់មាត់មានចំនួន២៣ របស់សមាជិកអង្គវេទិកាដែលបានសរសេរដាក់ប្រអប់បានលើកឡើង ក្នុងនោះមាន ៣៣ សំណួរ និង សំណូមពរផងដែរ ។

បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធទៅនឹងរាល់សំណួរដែលអង្គវេទិកាលើកឡើផ្ទាល់មាត់ទាំង២៣សំណួរ និងសំណូមពររួចមក មានប្រសាសន៍នោះដែរលោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណដល់សមាជិកសមាជិកានៃ អង្គវេទិការ ដែលបានលើកនូវចំណុចល្អៗដែលជាទុក្ខកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋាន ពិតជាកម្លាំងចលករក្នុងការជម្រុញឲ្យមាន ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានល្បឿនទៅមុខ និងបានចាក់ប្ញសចូលជ្រៅដល់មូលដ្ឋាន ។

មានមតិបូកសរុបនិងបិទអង្គវេទិកានោះ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០១៩ដែលបានធ្វើឲ្យយើង បានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិកាអស់រយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត ដែលជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋានរបស់យើង ហើយ ព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។ ម៉្យាងទៀត អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕