ក្រសួងយុតិ្តធម៌កម្ពុជា សហការជាមួយក្រសួងយុតិ្តធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំសន្និសីទច្បាប់លើកទី២នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តសៀមរាប


នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌នៃព្រះរាជាណា-ចក្រកម្ពុជា និងឯកឧត្តម ទ្បេ ថាញ់ទ្បុង រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលរៀបចំទ្បើងនៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទច្បាប់នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុតិ្តធម៌កម្ពុជា ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងនៃបណ្តាខេត្តជាប់ ព្រំដែនវៀតណាម ចំនួន៩ អាជ្ញាធរខេត្តសៀមរាប រួមនឹងប្រតិភូក្រសួងយុតិ្តធម៌វៀតណាម និងតុលាការប្រជាជនវៀតណាមចំនួន១០ខេត្ត ក្រោមកិច្ចសហការរៀបចំទ្បើងដោយក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សន្និសីទច្បាប់លើកទី២រវាងខេត្តនៅជាប់ព្រំដែនកម្ពុជា និងវៀតណាម ដែលត្រូវបានធ្វើទ្បើងបន្តពីសន្និសីទច្បាប់លើកទី១ ដែលបានប្រារព្វធ្វើនៅខេត្តតាយនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាឆ្នាំ២០១៧ ត្រូវបានរៀបចំទ្បើងនៅក្នុងគោលបំណងបន្តពង្រឹងនូវកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ក៏ដូចជាសាលាដំបូងខេត្តជាប់ព្រំដែន ឲ្យកាន់តែល្អប្រសើរទ្បើងថែមមួយកម្រិតទៀត ដោយភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងតុលាការ ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី បញ្ហាបត្យាប័ន ការផ្តល់ជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋដែលនៅជាប់ព្រំដែន ការផ្សព្វផ្សាយ និងដោះស្រាយវិវាទនៅមូលដ្ឋាន សំដៅចូលរួមទប់ស្កាត់នូវបណ្តាបទល្មើសឆ្លងដែន និងផ្តល់សេវាយុតិ្តធម៌ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនអោយកាន់តែមានប្រសិទ្ធភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្រោយបញ្ចប់នូវសន្និសីទដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរក៏នឹងចុះហត្ថលេខាលើផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២0-២០២១ ដែលជាមូលដ្ឋានថ្មីបន្ថែមក្នុងការបន្តកិច្ចសហប្រតិបតិ្តការ រវាងក្រសួងយុតិ្តធម៌នៃប្រទេសទាំងពីរ។
ក្នុងឱកាសនៃសន្និសីទនេះផងដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ក៏មានជំនួបដាច់ដោយទ្បែកជាមួយឯកឧត្តម ទ្បេ ថាញ់ទ្បុង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម ហើយក្នុងជំនួបនោះ ភាគីទាំងសងខាងបានឯកភាពគ្នាអំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបតិ្តការក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ក្នុងគោលបំណងចូលរួមកសាងនូវព្រំដែនសន្តិភាព សន្តិសុខ និងប្រកបដោយការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។