អូស្រ្តាលីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានិងរាជរដ្ឋាភិបាលកម្ពុជា


ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ អានជីឡា ខូកូរ៉ាន់ ( Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងអូស្រា្តលី ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ហើយប្រទេសអូស្រ្តាលីនៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាទៅមុខទៀត។

នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវ អានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថាចាប់តាំងពីឆ្នាំ១៩៩៣ មកអូស្រ្តាលីបានចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជាជាច្រើនវិស័យ មានការអប់រំ កសិកម្ម សុខាភិបាលនិងការបោសសំអាតមីន ជាដើម។ កម្ពុជានិងអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការល្អជាមួយក្នុងការប្រយុទ្ធប្រឆំាងអំពើភេវរកម្មនានា ដូចការជូញដូរមនុស្ស និងគ្រឿងញៀនជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន២៩០០នាក់។ ក្នុងនោះនិស្សិតកម្ពុជាចំនួន៩៩៤នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី។

លោកជំទាវអានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសអូស្រ្តាលី បន្តគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ខាងនេះ អូស្រ្តាលី នឹងខិតខំជំរុញឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់តំណាងរាស្រ្តវ័យក្មេងកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី។

ប្រទេសអូស្រា្តក៏បានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) របស់សម្តេចប្រធានរដ្ឋសភានិងគណៈ ប្រតិភូសភាកម្ពុជា ក្នុងប្រទេសអូស្រ្តាលី នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ លោកជំទាវអានជីឡា ខូកូរ៉ាន់ ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនង មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្រ្តាលី ឲ្យមានការ រីកចម្រើនថែមមួយកម្រិតទៀត។

សម្តេចជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកជំទាវស្នាក់នៅកម្ពុជា លោកជំទាវពិតជាបានឃើញជាក់ស្តែងនូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការពិតនៅកម្ពុជាដែលផ្ទុយពីការបំពងសម្លេងពីខាងក្រៅ ដើម្បីកេងចំណេញប្រយោជន៍នយោបាយបុគ្គលមួយចំនួនតូច។

សម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបីលោកជំទាវអានជីឡា ខូកូរ៉ាន់ បានចប់បេសកកម្មនៅកម្ពុជា តែលោកជំទាវនៅតែមនោសញ្ចេតនា និងទំនាក់ទំនងល្អជាមួយប្រជាជាតិកម្ពុជាជានិច្ច៕