គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ប្រវែង​ប្រមាណ​ ១៩០,០៣៥​ គីឡូម៉ែត្រ​ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ ប្រមាណ​ ២​ ពាន់​លាន​ដុល្លារ​ សម្រេច​បាន​ ៧,៣០%​ ហើយ​


ភ្នំពេញ​៖​ នៅ​ថ្ងៃអាទិត្យ​ ១២​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ តំណាង​ក្រុមហ៊ុន​សាងសង់​ តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​ និង​ភាគី​ពាក់ព័ន្ធ​។​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ប្រវែង​ប្រមាណ​ ១៩០,០៣៥​ គីឡូម៉ែត្រ​ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ ប្រមាណ​ ២​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៩​ រហូត​មក​ដល់​ពេល​នេះ​ដំណើរការ​សាងសង់​សម្រេច​បាន​ ៧,៣០%​ ហើយ​គិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ ភូមិ​១​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដល់​ក្រុងព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន​ Cambodian​ PPSHV​ Expressway​ Co.,​ Ltd​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ MINCONSULT​ SDN.​ BHD.​ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ ២​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ប្រើ​រយៈពេល​សាងសង់​៤៨​ខែ​ មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង​ ទទឹង​ ២៤,៥​ម៉ែត្រ​ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង​ កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង​ ចំណតរថយន្ត​១​កន្លង​ មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លង​ ស្ពាន​ធំ​ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង​ ស្ពាន​តូច​ចំនួន​៥​ កន្លែង​ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ​ ៨,៣​ គីឡូម៉ែត្រ​ និង​ខេត្ត​ចំនួន​ ០៤​ ទៀត​ ក្នុង​នោះ​រួម​មាន​ ខេត្តកណ្តាល​ប្រវែង​ប្រមាណ​ ៩,១​ គីឡូម៉ែត្រ​ ខេត្តកំពង់ស្ពឺ​ប្រវែង​ប្រមាណ​ ៨០,៨​គីឡូម៉ែត្រ​ ខេត្តកោះកុង​ប្រវែង​ប្រមាណ​ ១,៩២​ គីឡូម៉ែត្រ​ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង​ប្រមាណ​ ៨៩,៨៩​គីឡូម៉ែត្រ​ ៕