អភិបាលខេត្តកំពត បានទទួលជួបជាមួយវិនិយោគិនចិន ដែលមានបំណងចង់វិនិយោគតំបន់ទេសចរណ៍ នៅតំបន់កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ


នៅពេលព្រឹក ថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបជាមួយវិនិយោគិនចិន ដែលមានបំណងចង់វិនិយោគតំបន់ទេសចរណ៍ ស្ថិតនៅតំបន់កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិន ដែលមានបំណងវិនិយោគតំបន់ទេសចរណ៍បែបធម្មជាតិក្នុងខេត្តកំពត ឯកឧត្តម បានស្នើឲ្យក្រុមហ៊ុនត្រលប់ទៅធ្វើផែនការវិនិយោគឲ្យបានច្បាស់លាស់សិន ដើម្បីអាចមានលទ្ធភាពឈានទៅរកការពិភាក្សាមួយកាន់តែស៊ីជម្រៅថែមទៀត ហើយរដ្ឋបាលខេត្ត នឹងជួយសម្រួលដល់ផ្នែកច្បាប់ និងនីតិវិធីមួយចំនួនឲ្យបានលឿន ជូនដល់ក្រុមហ៊ុន ដើម្បីឲ្យខេត្តកាន់តែរីកចម្រើន។