ខេត្តស្វាយរៀង៖ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការលើកកម្ពស់អនាម័យមានសារសំខាន់ខ្លាំងណាស់ ព្រោះវាជួយជំរុញយើងទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់ប្រមូលផ្ដុំធនធានមនុស្ស និងសក្ដានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចបាននូវទស្សនៈវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា ឆ្នាំ២០២៥ “ប្រជាជនគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សា ជាការជួយជំរុញបន្ថែមទៀតសម្រាប់ចូលរួមដើម្បីឈានទៅសម្រេច គោលដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅឆ្នាំ២០២៥ ព្រោះថា ការលាងសម្អាតដៃ កាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ កាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរាក ជំងឺរលាកផ្លូវដង្ហើម និងកង្វះអាហារូបត្ថម្ភ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់តំណាងដៃគូអភិវឌ្ឍ មន្ត្រីក្រោមឱវាទក្រសួងអប់រំ តំណាងស្ថាប័នពាក់ព័ន្ធ។ ៩ ធ្នូ ២០១៩ | ខេត្តស្វាយរៀង