ឯកឧត្តមរដ្ឋមន្រ្តី វង សូត រំពឹងថា និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច នឹងក្លាយជាធនធានមនុស្ស រួមចំណែកបង្កើនសមត្ថភាពយុវជនជំនាន់ក្រោយរបស់កម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការរំពឹងទុកថា ក្មួយៗដែល បញ្ចប់ការសិក្សាការសិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច នឹងក្លាយជាធនធានមនុស្ស រួមចំណែកបង្កើន សមត្ថភាពយុវជន ជំនាន់ក្រោយរបស់កម្ពុជា ហើយប្ងូនៗក៏ជាធនធានមនុស្ស ប្រកបដោយលក្ខណៈសម្បត្តិ, ស្នាដៃ រួមចំណែកបង្កើន សមត្ថភាពធនធានមនុស្ស បានថែមមួយកម្រិតទៀតជាក់ជាមិនខាន។

ឯកឧត្តម រដ្ឋមន្រ្តី វង សូត បានផ្តាំផ្ញើដល់ និស្សិតជ័យលាភីទាំងអស់ សូមឱ្យក្មួយៗទាំងអស់ យកចំណេះដឹងដែលបានកន្លងមកនេះ ទៅបំពេញភារកិច្ចឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យ ពិសេសត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីដើរឱ្យទាន់ការប្រែប្រលនៃបច្ចេកវិទ្យា កម្មវិធីសិក្សា និងការអនុវត្តជាក់ស្ដែងថ្មីៗនៅកន្លែងធ្វើការ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឲ្យសិក្ខាកាមវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ប្រកាន់ខ្ជាប់នូវចំណុចមួយចំនួនរួមមាន៖

១៖ សេចក្តីគោរព ចំពោះសិទ្ធិក្រមជនងាយរងគ្រោះនិងរងគ្រោះ និងមានចិត្តអំណត់ចំពោះការងារ
២៖ បំពេញកាតព្វកិច្ចជូនជនពិការ តាមជំនាញរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
៣៖ ប្រកាន់ខ្ជាប់នូវអត្តចរិតសុភាពរាបសា ទន់ភ្លន់ រាក់ទាក់មិនរើសអើង ជាមួយជនងាយរងគ្រោះ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុង ពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិក្ខាកាមវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុបចំនួន២១១នាក់ ក្នុងនោះមានស្រ្តីចំនួន៩៥នាក់ និងនិស្សិតបរទេសចំនួន២០នាក់ រៀបចំធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានជំរុញឲ្យគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ នៃវិទ្យាស្ថានជាតិសង្គមកិច្ច បន្តយកចិត្តទុកថាក់ ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យសង្គមកិច្ច និងស្ថាប័នរបស់ខ្លួន ដើម្បីឲ្យសមជាវិទ្យាស្ថានគំរូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច ប្រកលបដោយចំណេះដឹង សមត្ថភាព សីលធម៌ និងមនសិការវីជ្ជាជីវៈខ្ពស់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  វង សូត បានសម្តែងការអមអរសាទរ ចំពោះសិក្ខាកាមវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុបចំនួន២១១នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយការខិតខំពុះពារ ឆ្លងកាត់ឧបសគ្គរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិសង្គមកិច្ចទទួលបានលទ្ធផលល្អ។

ឯកឧត្តម ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានថ្លែងអំអរគុណដល់ម្ចាស់ជំនួយ អង្គការ ស្ថាប័ននានា ដែលបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រ ថវិកា ផ្តល់ឲ្យវាគ្មិន សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្តល់ទីកន្លែង សម្រាប់និស្សិតចុះកម្មសិក្សា និងជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ របស់និស្សិត។

ឯកឧត្តម ខុម ផលលឿន បានបញ្ជាក់ថា វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបានបង្កើតឡើងចុងឆ្នាំ២០១១ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមសំណើរបស់ក្រសួងសង្គមកិច្ច និងមានការឯកភាពពីក្រសួងអប់រំ។ វិទ្យាស្ថាន បានចាប់ផ្តើម ជ្រើសរើសនិស្សិត សម្រាប់ការបណ្តុះបណ្តាលដំបូង នៅឆ្នាំសិក្សា២០១២ និង២០១៣ លើជំនាញបរិញ្ញាប័ត្រសង្គមកិច្វិទ្យា។

បច្ចុប្បន្ននេះ វិទ្យាស្ថានជាតិសង្គមកិច្ច មានគណៈគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិក សរុបចំនួន៩១នាក់ និស្សិតកំពុងសិក្សាចំនួន ៥២៩នាក់ ក្នុងនោះ មានស្រីចំនួន២៦១នាក់។ ចំពោះលទ្ទផលនៃការ បណ្តុះបណ្តាលគិតចាប់ពីឆ្នាំ២០១២-២០១៣ មកដល់ឆ្នាំសិក្សា ២០១៨-២០១៩ សិក្ខាកាមថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្រ ដែលបានបញ្ចប់ការសិក្សាមានចំនួន៧៨២នាក់។ ថ្មីៗនេះ វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបានទទួលស្គាល់គុណភាពអប់រំជាដំបូងបង្អស់ពីសមាគមអន្តរជាតិផ្នែកឧបករណ៍សិប្បនិម្មិត និងរណប លើកម្មវិធីសិក្សាអន្តរជាតិកម្រិតវិញ្ញាបត្ររយៈពេល០១ឆ្នាំ ជំនាញវិជ្ជាជីវៈជំនួយបច្ចេកទេសឧបករណ៍សិប្បនិម្មិត និងរណបនាខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕