ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មកដល់ពេលនេះមានរថយន្ត ៣០ម៉ឺនគ្រឿង មិនទាន់ត្រួតពិនិត្យបច្ចេកទេស (ឆៀក) ត្រឹមត្រូវនោះទេ


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលបច្ចុប្បន្ននេះ នៅមានរថយន្តចំនួន ៣០ម៉ឺនគ្រឿងទៀត ដែលហួសសុពលភាពមិនទាន់បានមកឆៀកត្រឹមត្រូវនោះទេ ដូចនេះហើយពលរដ្ឋ ដែលមានរថយន្តមិនទាន់បានឆៀកត្រឹមត្រូវ សូមយកមកឆៀកឱ្យបានទាន់ពេលវេលា ព្រោះវាខុសនឹងច្បាប់កំណត់ និងជៀសវាងកុំឱ្យមានការផាកពិន័យពីមន្ត្រីនគរបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពលរដ្ឋដែលមានរថយន្តមិនទាន់បានឆៀកត្រឹមត្រូវ សូមយកមកឆៀកឱ្យបានទាន់ពេលវេលា ព្រោះវាខុសនឹងច្បាប់ កំណត់ និងជៀសវាងកុំឱ្យមានការផាកពិន័យពីមន្ត្រីនគរបាល និងជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ សូមយកឡាន ដែលមិនទាន់បានឆៀក មកធ្វើការឆៀកឱ្យបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា «បច្ចុប្បន្ននេះយើងមានមណ្ឌលឆៀកចំនួន ១៥កន្លែងហើយ ដោយក្នុងនោះ៥កន្លែង មាននៅក្នុងរាជធានីភ្នំពេញ និង០៩កន្លែងទៀត មាននៅតាមបណ្តាខេត្ត និងកន្លែងឆៀករបស់ក្រុមហ៊ុនកូរ៉េ ០១កន្លែង ក្នុងនោះដែរ ក៏មានរថយន្តឆៀកចល័តចំនួន៤គ្រឿង ដើម្បីរួមគ្នាផ្តល់សេវា សាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដើម្បីផ្តល់សេវាសាធារណៈដល់ពលរដ្ឋឱ្យកាន់តែល្អ និងមានប្រសិទ្ធភាព តម្លាភាព និងបានឆាប់រហ័សជូនប្រជាពលរដ្ឋ»។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យក្រុមហ៊ុនឆៀកដែលជាដៃគូរបស់រាជរដ្ឋាភិបាល ពង្រីកកន្លែងឆៀកឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់សេវាឆៀករថយន្តទៅកាន់តែជិត ដល់ពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋផងដែរ៕