សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៤ ឆ្នាំ២០១៩


នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល កម្ពុជា លើកទី១៤ ឆ្នាំ២០១៩ ដែលពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

តាមរបាយការណ៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានអោយដឹងថាពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ហើយពិព័រណ៍នេះមានស្ដង់សរុបចំនួន ៣៧២ស្ដង់ ដោយមានទំនិញ និងសេវាជាច្រើនប្រភេទផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវា បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ លើសពីនេះទៅទៀតសម្តេចតេជោ បានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភពលោក ពិព័រណ៍អន្តរជាតិ និងពិព័រណ៍ចិន-អាស៊ានជាដើមបានធ្វើឲ្យកម្ពុជាយើងមានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស បានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខ សង្គមទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មាន សម្រាប់ការកែទម្រង់ ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលជាឱកាសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម ៧.៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ។ ដើម្បីជំរុញឲ្យវិស័យទាំងបួនខាងលើកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្ន ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងសម្រេចបានគោលដៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

វិស័យពាណិជ្ជកម្មកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនទ្បើងជាលំដាប់។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរថា ដោយសារការរក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងស្ថានភាពសេដ្ឋកិច្ច និងនយោបាយល្អ គ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា មានឱកាសបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរ។ ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ គប្បីចូលរួមនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើង ដើម្បីទទួលបានជោគជ័យថ្មីៗ ថែមទៀតលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។

មុននឹងបញ្ចប់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនអាជីវករ ម្ចាស់ក្រុមហ៊ុននានាដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សូមទទួលបាននូវភាពជោគជ័យ។ បន្ទាប់មក សម្តេចតេជោ បានអញ្ជើញកាត់ខ្សែបូរសម្ពោធពិពណ៍នេះ និងអញ្ជើញទស្សនាស្តង់ពិពណ៍ទំនិញនៅក្នុងមណ្ឌលកោះពេជ្រ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕