កណ្ដាល៖ ដើម្បីការពារ ថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសការទប់ស្កាត់ ក្នុងការបង្កា បង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ស្នើរឲ្យនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្នុងស្រុកមុខកំពូល ក៏ដូចជានាយប៉ុស្ដិ៍រដ្ឋបាលទូទាំងខេត្ដកណ្ដាល ត្រូវ ធ្វើការសហការ និងធ្វើអ្វីមួយឲ្យបានល្អជាមួយមេឃុំ ព្រោះមេឃុំជាគណៈបញ្ជាការឯកភាពឃុំ មានតួនាទីធំជាងនាយប៉ុស្ដិ៍រដ្ឋបាល មិនត្រូវគិតថាខ្លួនជានាយប៉ុស្ដិ៍មានទួនាទីធំជាងមេឃុំនោះឡើយ។
ការលើកឡើងរបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកមុខកំពូល ក្នុងពិធីផ្សព្វផ្សយសេក្តីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងស្រុកអង្គស្នួល ដោយមានការចូលរួមពីអភិបាលស្រុកមុខកំពូល ,លោកស្នងការរង ,លោកនាយ-នាយរងការិយាល័យបុគ្គលិក ,លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក ,លោកមេបញ្ជាការផ្នែកសិករងស្រុក ,លោកប្រធានវរព្រំដែនគោកលេខ៦០៥ ,លោកអធិការនគរបាលស្រុកទាំង៤ ,លោកអធិការរង,លោកនាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្ដិ៍ទាំង៧ប៉ុស្ដិ៍ ផងដែរ។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលបានបន្ថែមទៀតថា នាយប៉ុស្ដិ៍រដ្ឋបាល ត្រូវជជែកពិភាក្សាជាមួយមេភូមិដើម្បីប្រមូលព័ត៌មានផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសប្រមូលព័ត៌មានឲ្យបានច្បាស់ពីក្រុមឧទ្ទាមក្រៅច្បាប់ដែលមានបំណងបង្កអសន្ដិសុខក្នុងប្រទេសជាតិ គឺត្រូវរាយការណ៍ជូនមេឃុំ ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា ។
សុំបញ្ជាក់ថា ពិធីផ្សព្វផ្សាយសេក្តីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្ដ្រីនគរបាលជាតិធ្វើឡើងចំនួន២ស្រុករួមគ្នា គឺស្រុកមុខកំពូល និងស្រុកអង្គស្នួល ក្នុងនោះមន្ដ្រីនគរបាលជាតិទទួលបានជ័យលាភីដែលត្រូវផ្ទេរភារកិច្ចតែងតាំងមុខតំណែងទាំង២ស្រុក ចំនួន២៤រូប និងមន្ដ្រីនគរបាលជាតិតម្លើងឋានន្ដរស័ក្ដិចំនួន៣៣រូប ៕