ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី ដែលប្រារព្ធធ្វើនៅសាធារណរដ្ឋតួកគី


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ របស់សភាតំបន់អាស៊ី(APA) ក្រោមប្រធានបទ “តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់អាស៊ី The Role of Multilateral Cooperation Among Asian Parliaments” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា សាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ ឯកឧត្តម សាស្ត្រាចារ្យ ម៉ូស្តាហ្វា សេនតុប (Professor, Mustafa SENTOP) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី និងជាប្រធានសភាតំបន់អាស៊ី (APA) ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ីនេះ ដោយបានធ្វើការកត់សម្គាល់ថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះនូវការប្រឈមជាច្រើន ដែលក្នុងនោះ បញ្ហាប្រឈមសំខាន់ៗមានដូចជា សង្គ្រាមពាណិជ្ជកម្ម ការគាំពារនិយម និន្នាការទៅរកឯកតោភាគីនិយម និងភាពតានតឹងនៃនយោបាយភូមិសាស្ត្រ រវាងប្រទេសមហាអំណាច បានបង្ក និងគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ វិបុលភាពសេដ្ឋកិច្ចពិភពលោក និងវិបុលភាពរបស់មនុស្សជាតិ។ ជាពិសេសបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងតែលូតលាស់។ ជាមួយគ្នានេះ ក៏មានការកើនឡើងនូវការរំលោភលើច្បាប់មនុស្សជាតិ ការរំលោភយ៉ាងខ្លាំងលើគោលការណ៍ និងច្បាប់ជាមូលដ្ឋានអន្តរជាតិ រួមមាន ការគោរពអធិបតេយ្យភាពដែនដី ឯករាជ្យភាពនយោបាយរបស់រដ្ឋឯករាជ្យ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ និងការទទួលខុសត្រូវរបស់រដ្ឋចំពោះច្បាប់អន្តរជាតិជាដើម។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បន្តថា ក្នុងន័យនេះ ការជួបជុំគ្នានាពេលនេះពិតជាមានសារៈសំខាន់ចាំបាច់ និងទាន់ពេលវេលា ដើម្បីយើងអាចជជែក និងពិភាក្សាគ្នាស្វែងរកនូវជំហរដំណោះស្រាយ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅពង្រឹង និងថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះ និងបុរេល័ក្ខខ័ណ្ឌដ៏ចាំបាច់ ក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងវិបុលភាពរបស់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្នុងបរិបទសកលលោក ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ សភាកាន់តែដើរតួនាទី សំខាន់ក្នុងការងារ ជាពិសេសតាមរយៈការងារការទូតសភា ដែលកាន់តែមានសក្តានុពល និងប្រកបដោយថាមវន្ត។ ការងារការទូតសភានេះ បានក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល តាំងពីអំឡុងសង្គ្រាមត្រជាក់ម្លេះ។ ជាមួយនឹងតួនាទីនេះ សភាអាចជួយបំបែកនូវការជាប់គាំងនៅពេលដែលអ្នកសម្របសម្រួលខាងស្ថាប័ននីតិប្រតិបត្តិមិនអាចធ្វើបាន។ ជារឿយៗ ការងារការទូតសភាត្រូវបានប្រើដើម្បីលើកកម្ពស់កិច្ចសន្ទនា ក្នុងអំឡុងពេលមានជម្លោះរវាងប្រទេសជិតខាង និងរវាងតំបន់មួយទៅតំបន់មួយ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍លើកឡើងពីបរិបទកម្ពុជា គឺក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារការទូតសភានេះ សំដៅរួមចំណែកជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ដោយមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី បានធ្វើឱ្យកម្ពុជាទទួលបានវឌ្ឍនៈភាព និងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភាបានទាញចំណាប់អារម្មណ៍ថា កម្ពុជាតែងតែប្រកាន់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគីនិយម ដែលមានភាពបើកចំហរ បរិយាប័ន្ន និងប្រកប ដោយប្រសិទ្ធិភាព ដោយផ្អែកលើគោលការណ៍ច្បាប់។ គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងនីតិកាលទី៦នេះ បានបញ្ជាក់ច្បាស់ថា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ផ្អែកលើមូលដ្ឋានឯករាជ្យ”។ ក្នុងន័យនេះ ក្នុងនាមប្រតិភូកម្ពុជា ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់សភាសមាជិកទាំងអស់ សូមបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីយល់គ្នាទៅវិញទៅមក ក្នុងការជជែកពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងផ្លែផ្កា ព្រមទាំងដើម្បីពង្រឹងសកម្មភាពពហុភាគី សំដៅសម្រេចបានពិភពលោកមួយ ដែលមានសុខសន្តិភាព វិបុលភាព សមភាព និងនិរន្តភាព។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា យើងត្រូវតែប្រកាន់យកនូវគោលការណ៍ ពហុភាគីនិយម ប្រសិនបើយើងចង់បានសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕