រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសំដែងការគួរសម


នៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

មានប្រសាសន៍នាឱកាសនេះ តាមរយ:ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកចំពោះវិស័យកសិកម្ម ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:អង្គការ USAID អនុវត្តគម្រោងជាអាទិ៍៖

១- សាកវប្បកម្ម (២០១៧-២០២២) ទឹកប្រាក់ ១៧,៥លានដុល្លារ “កសាងសមត្ថភាព ស្វែងរកទីផ្សារកសិផល ការកែលម្អទីផ្សារ និងការកែលម្អអភិបាលកិច្ចល្អ”។

២- ការកសាងភាពជាដៃគូរវាង USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ទឹកប្រាក់ ១លានដុល្លារ “កសាងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស ការចូលរួមរបស់និស្សិត មន្រ្តីរាជការ និងវិស័យឯកជន”។

៣- ការពង្រឹងមន្ទីរពិសោធន៍ មជ្ឈមណ្ឌលឧត្តមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ទឹកប្រាក់ចំនួន ២៥លានដុល្លារ។ គម្រោងនេះត្រូវបានសហការអនុវត្តដោយសាកលវិទ្យល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យល័យ Kansas State University ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ចាម បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណងសម្របសម្រួលដល់សកម្មភាពកែច្នៃកសិផល ការកសាងសមត្ថភាពសិស្ស លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យជាតិកសិកម្ម។

៤- ការចិញ្ចឹមត្រីនៅតាមស្រែ (២០១៦-២០២១) ទឹកប្រាក់ចំនួនជាង ៦លានដុល្លារ ដែលត្រូវអនុវត្តក្នុងខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ ក្នុងបំណងកែលម្អប្រព័ន្ធចិញ្ចឹមត្រីនៅតាមស្រែ បង្កើនវិសាលភាពនៃផលិតកម្មត្រីប្រកបដោយនិរន្តរភាព។

និងគម្រោងមួយចំនួនទៀតទាក់ទងទៅនឹងការរៀបចំផែនការយុទ្ធសាស្រ្តវិស័យកសិកម្ម ការគ្រប់គ្រង អភិរក្សជលផលនិងវារីវប្បកម្ម ការរៀបចំសេចក្តីព្រាងច្បាប់ការពារដំណាំ និងភូតគាមអនាម័យ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងបានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល ទទួលបានបច្ចេកវិទ្យាថ្មីៗយកទៅអនុវត្ត ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ។ល។ តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើនប្រកប ដោយនិរន្តរភាព ហើយជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀតនាពេលអនាគត។

ឆ្លៀតយកឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានជួយសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងអភិវឌ្ឍវិស័យកសិកម្មក្នុងពេលកន្លងមក ហើយលោកក៏បានគាំទ្រ និងលើកទឹកចិត្តឯកឧត្តមរដ្ឋមន្ត្រីនូវរាល់សកម្មភាពយ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ចជូនប្រទេសជាតិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រនូវរាល់សកម្មភាពគម្រោងនានាដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យបន្ថែមទៀត។ អ្វីដែលសំខាន់នោះ ឯកអគ្គរដ្ឋទូតបានជម្រាបជូនថានៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ខាងមុខនេះ នឹងមានគណ:ប្រតិភូអញ្ជើញមកពីក្រុមហ៊ុនកសិកម្មធំៗរបស់សហរដ្ឋអាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីធ្វើការសិក្សា និងស្វែងរកឱកាសក្នុងការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងខណ:នោះដែរសង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រី និងសហការីនឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យកិច្ចពិភាក្សាការងារនេះទទួលបានជោគជ័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថាភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើវិស័យកសិកម្មនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្នុងអាណត្តិរបស់លោក។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនារសៀលនេះ ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមួយចំនួនទៀតមកពិភាក្សាផងដែរ៖ – ស្ថានភាព និងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក – សុវត្ថិភាពចំណីអាហារ (អនាម័យ និងភូតភាមអនាម័យ) – ដីសប្បទានសេដ្ឋកិច្ច – ការរត់ពន្ធ ឬជួញដូរមនុស្សក្នុងវិស័យកសិកម្ម – ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម – ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម – យន្តការក្នុងការពង្រឹងទំនាក់ទំនងល្អរវាងវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។