ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំកម្ពុជា


នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃចន្ទ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរាជទូតសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបាន បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់ នាពេលកន្លងមក និងទៅអនាគត។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅក្នុងឆ្នាំខាងមុខ លើការបណ្តុះបណ្តាលធនធានមនុស្សស្តីពីអភិបាលកិច្ចតាមបែបវិមជ្ឈការ ការរៀបចំទីក្រុងនិរន្តភាព និងការគ្រប់គ្រងសំណល់នៅតាមទីក្រុង ដល់មន្រ្តីថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម Christian Berger ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលជួបពិភាក្សានៅពេលនេះ។ ឯកឧត្តម សន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តម ក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់ប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសអាល្លឺម៉ង់កន្លងមកនេះ ដែលដំណើរទស្សនកិច្ចនេះគឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់ ជាពិសេស ឯកឧត្តម ចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អនឹងគ្នាជាបន្តទៀត។