អាជ្ញាធរស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននិងកំពុងធ្វើការជីកស្តារប្រឡាយ១ខ្សែប្រវែងជាង៣.០០០ម៉ែត្រ ដើម្បីឆ្លើយតបទៅនឹង តម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំសឹង្ហ សម្រាប់នាំយកទឹកមក ស្រោចស្រពបម្រើឱ្យវិស័យកសិកម្ម ពិសេសលើដំណាំស្រូវនៅប៉ែកខាងជើង នៃឃុំដែលជា តំបន់តែងតែជួបបញ្ហាខ្វះទឹកជាងគេនោះ។
លោក ទូច សីហា អភិបាលរងស្រុកអូរជ្រៅ បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា គម្រោង ស្តារប្រឡាយប្រវែងជាង ៣០០០ម៉ែត្រទទឹង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងធ្វើផ្លូវអបប្រឡាយ ទទឹង៤ម៉ែត្រ ជាគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូល (GIZ) បាននិងកំពុងស្ថាបនាដើម្បី ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រខ្នាតតូចក្នុងការនាំយកទឹកពីអាងទឹកកន្សែងទៅស្រោចស្រពដំណាំស្រូវប្រជាកសិកររាប់ពាន់ហិកតានៅផ្នែកខាងជើងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ និងបានផ្លូវធ្វើដំណើរ ដឹកជញ្ជូនភោគផលកសិកម្មប្រជាកសិករ នៅក្នុងតំបន់ នោះផងដែរ ។
អភិបាលរងស្រុកអូរជ្រៅរូបនេះបានឱ្យដឹងទៀតថា ការស្ថាបនាប្រឡាយទឹក និងផ្លូវ នេះឡើងក្រៅពីការប្រើប្រាស់មូលនិធិឃុំ ស្រុក និងថវិការដ្ឋបាលខេត្តបន្ទាយមានជ័យ យើង មានការជួយគាំទ្រពីអង្គការដៃគូនានា ជាក់ស្តែងឆ្នាំ២០១៩នេះតាមរយៈគម្រោង កម្មវិធីអភិ វឌ្ឍន៍សេដ្ឋកិច្ចមូល(GIZ)យើងបានទទួលលទ្ធផលជាច្រើន នៅតាមបណ្តាឃុំមួយចំនួនក្នុង ស្រុកអូរជ្រៅដើម្បីកសាងនិងអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ តាមរយៈការជួយស្តារប្រឡាយ ជួសជុលស្ថាបនាផ្លូវ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចង់បាននោះ។
លោក ទូច សីហា បានអះអាងថា ប្រឡាយទឹកនិងផ្លូវខាងលើនេះពិតជាមានសារៈប្រយោជន៍ណាស់ព្រោះថាប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការដូច្នេះត្រូវការប្រឡាយទឹក និងផ្លូវ ដើម្បីបង្កបង្កើនផល ពង្រីកការដាំដុះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពស្ថាបនាប្រឡាយទឹកនោះ លោកអភិបាលរង ស្រុកអូរជ្រៅ ទូច សីហា បានណែនាំដល់មន្ត្រីឃុំ ភូមិ ត្រូវចុះពិនិត្យតាមដានមើលឱ្យបានដិត ដល់ចំពោះក្រុមហ៊ុនទទួលការស្ថាបនានេះ ធ្វើឱ្យលឿនធានាបាននូវគុណភាព និងត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស។
លោកទូច សីហា បានឱ្យដឹងដែរថា ក្រៅពីការស្ថាបនាប្រឡាយ១ខ្សែនេះក៏នូវមានការ យកចិត្តទុកដាក់កែលម្អ ប្រព័ន្ធធារាសាស្ត្រនានា ពិសេសប្រឡាយតូចៗជាច្រើនទៀតដើម្បី បម្រើក្នុងវិស័យកសិកម្មនិងកែលម្អជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ៕