ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន១,៦១៤នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩។

ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះមានសមយុទ្ធចំនួនពីរ រួមមានសមយុទ្ធសង្គ្រោះមហន្តរាយពេលមានធ្លាក់យន្តហោះនៅក្នុងខេត្តសៀមរាប និងសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅតាមព្រំដែនជាមួយវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការផ្សព្វផ្សាយមូលបង្កាច់តាមបណ្តាញសង្គមពាក់ព័ន្ធការសមយុទ្ធនៅក្នុងខេត្តសៀមរាប ដូចជា មានការធ្លាក់យន្តហោះជាដើម ព្រោះសមយុទ្ធនេះធ្វើឡើងពាក់ព័ន្ធការជួយសង្គ្រោះពេលមានធ្លាក់យន្តហោះ។

* សម្តេចតេជោ បានថ្លែងថា នៅរសៀលនេះនឹងមានការជួបពិភាក្សាជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា។ ជំនួបនេះនឹងពិភាក្សាលើបញ្ហាជាច្រើនពាក់ព័ន្ធការអប់រំ មានដូចជាការពង្រឹងគុណភាពអប់រំ និងបញ្ហាថវិកាជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានធនធានមនុស្សមិនអាចអភិវឌ្ឍប្រទេសជាតិបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាជួបភាពក្រីក្រខ្លាំង ព្រោះតែការដើរខុសផ្នែកនយោបាយពីជំនាន់មួយទៅជំនាន់មួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងខ្លាំងណាស់ដែលកម្ពុជាបានដើរចេញពីភ្លើងសង្គ្រាមនៅឆ្នាំ១៩៩៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបប្រល័យពូជសាសន៍ ប៉ុលពត បានកាប់សម្លាប់ធនធានមនុស្ស ជាហេតុធ្វើឱ្យកម្ពុជាខ្វះខាតធនធានមនុស្សខ្លាំងក្រោយរំដោះប្រទេស។

* សម្តេចតេជោ បានថ្លែងថា ប្រទេសសិង្ហបុរីរកទឹកសាបផឹកមិនបានផង តែហេតុអ្វីបានប្រទេសនេះរីកចម្រើន? រីកចម្រើនព្រោះតែការដាក់ចេញនយោបាយត្រូវ និងសម្បូរធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាបានប្រឹងប្រែងក្នុងការដាំមនុស្សឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាំមនុស្សមានការលំបាកណាស់ មិនងាយស្រួលដូចការដាំដើមឈើនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សាកលវិទ្យាវេស្ទើន ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ក៏បានថ្លែងអបអរសាទរដល់និស្សិតជយលាភីទាំងអស់ផងដែរ។

* ក្រៅពីអបអរសាទរសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យនិស្សិតប្រឹងប្រែងអភិវឌ្ឍសមត្ថភាពចំណេះដឹងរបស់ខ្លួនទៅមុខបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសិក្សា និងចំណេះដឹងគ្មានទីបញ្ចប់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារអ្វីមួយអាចសម្រេចទៅបាន គឺត្រូវគិតគូរគ្រប់ផែនការទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសំខាន់ចំនួន៣ ដែលនាំឱ្យការងារមួយទទួលបានជោគជ័យ រួមមាន៖ ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងកត្តាចៃដន្យ។ ការរៀបចំផែនការល្អសម្រេចបាន ៣០ភាគរយ, ការចាត់តាំងអនុវត្តន៍ល្អសម្រេចបាន ៣០ភាគរយ និង៤០ភាគរយទៀត ចំណុះលើកត្តាចៃដន្យដែលនឹងលិចឡើង (កត្តាចៃដន្យឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការដោះស្រាយ)។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាលើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០រួចហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម ត្រូវដាក់ចូលឃ្លាំងមិនអាចឱ្យកាន់ការងារឡើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្ត និងចង់បានមន្ត្រីដែលពូកែដោះស្រាយបញ្ហានានានៅនឹងកន្លែង។

* បញ្ហាលំអគារនៅខេត្តព្រះសីហនុនាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ទោសមន្ត្រីថ្នាក់ជាតិ ដែលខ្វះការគ្រប់គ្រង និងប្រមូលផ្តុំកម្លាំងដោះស្រាយបញ្ហា ខណៈមន្ត្រីថ្នាក់មូលដ្ឋានធ្វើការងារបានល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឱ្យអំណាចខ្យល់ទៅមន្ត្រីថ្នាក់ក្រោមជាតិ គេមិនអាចធ្វើការងារបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែក្រសួងមួយចំនួនយឺតយ៉ាវក្នុងការផ្ទេរអំណាច ផ្ទេរការងារទៅថ្នាក់ក្រោមជាតិ ទើបសម្តេចសម្រេចដោយផ្ទាល់ក្នុងការចុះហត្ថលេខាសម្រេចទម្លាក់ការងារ ទម្លាក់អំណាចជូនមន្ត្រីថ្នាក់ក្រោមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងមួយចំនួនឱបក្រសោបការងារមិនចង់ទម្លាក់ទៅថ្នាក់ក្រោមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចធ្លាប់រំលឹករដ្ឋាភិបាលបារាំង ឱ្យពង្រឹងការបណ្តុះបណ្តាលភាសាបារាំងនៅកម្ពុជានាឆ្នាំ១៩៨២ តែបារាំងប្រងើយកន្តើយជាហេតុនាំឱ្យការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាត្រូវធ្លាក់ចុះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃថ្ងៃ ២ធ្នូ មានបី៖ រួមមាន ២ធ្នូ ឆ្នាំ១៩៧៨ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ, ២ធ្នូ ឆ្នាំ១៩៨៧ ជំនួបចរចាលើកដំបូងរវាងសម្តេច និងសម្តេច នរោត្តម សីហនុ នៅហ្វែអង់តាន័រ ក្នុងប្រទេសបារាំង។ សម្តេចតេជោ បានចាត់ទុក២ធ្នូនេះ ដែលមានរយៈពេល ៣២ឆ្នាំមកហើយនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រនៃការចរចាតាមផ្លូវនយោបាយនៅកម្ពុជា។ ថ្ងៃ២ធ្នូ ឆ្នាំ១៩៩៨ ដែលជាឆ្នាំសម្តេចដាក់ការដាក់ចេញ យុទ្ធសាស្ត្រត្រីកោណ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុំ៣នៃយុទ្ធសាស្ត្រត្រីកោណនេះ រួមមាន៖ មុំទី១ ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស, មុំទី២ ការធ្វើសមាហរណកម្មឱ្យបានឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ និងមុំទី៣ គឺប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការចរចាបញ្ចប់សង្គ្រាមរវាងសម្តេច និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មានការលំបាកខ្លាំងណាស់ ព្រោះមានប្រទេសមួយចំនួនជំទាស់មិនចង់ឱ្យមានជំនួបចរចា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចាំថា ក្នុងពេលចរចារនោះ ភាគីខ្មែរត្រីភាគី និងភាគីរដ្ឋកម្ពុជា សូម្បីតែអង្គុយតុអាហារជាមួយគ្នា ក៏អង្គុយមិនបានផង ដែលជាហេតុឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ជាអ្នកសម្របសម្រួល ត្រូវដូរតុអាហារចុះឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តាចំនួន៤ ដែលនាំឱ្យកម្ពុជាសម្រេចចិត្តចូលអាស៊ាន។ កត្តាទី១៖ គោលការណ៍មិនជ្រៀតជ្រែកចូលផ្ទៃក្នុងនៃប្រទេសសមាជិក, ទី២៖ ស្មារតីសហគមន៍ សម្តៅដល់របៀបធ្វើការរបស់អាស៊ាន ដែលធ្វើតាមរបៀបកុងសុងស៊ីស (ឯកច្ឆន្ទ), ទី៣៖ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម និងទី៤៖ ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅដល់អ្នកដែលបន្តតំណែងពីសម្តេច ត្រូវតែបន្តការធ្វើការតាមរបៀបកុងសុងស៊ីសសម្រាប់អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការខកខានមិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសដែលគោរពសិទ្ធិជនជាតិដើមភាគតិចបានល្អជាងគេនៅក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងចេញសារាចរណ៍ណែនាំមួយឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលធ្វើរបាយការណ៍សិទ្ធិមនុស្ស ត្រូវធ្វើឱ្យបានគ្រប់គ្រាន់។