ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មានស្តីពី (វិធានការរក្សាតម្លៃស្រូវ)


(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ មានរៀបចំសន្និសីទសារព័ត៌មានស្ដីពី (វិធានការរក្សាតម្លៃឱ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ)។

យោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួលស្ថិរភាពតម្លៃស្រូវនារដូវប្រមូលផល។

មន្ត្រីដែលបង្ហាញវត្តមាន ដើម្បីពន្យល់បកស្រាយលើបញ្ហាទាំងនេះ រួមមានមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មកពីធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមការសម្របសម្រួលរបស់ លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ការរៀបចំសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងចំពេលមានការរអ៊ូរទាំរបស់កសិករ និងការលើកឡើងពីមជ្ឈដ្ឋានមួយចំនួន ពាក់ព័ន្ធការធ្លាក់ថ្លៃស្រូវក្នុងរដូវប្រមូលផលនៅក្នុងឆ្នាំ២០១៩នេះ ក៏ដូចជាបណ្តាឆ្នាំកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចទម្លាក់ថវិកាប្រមាណ ៥០លានដុល្លារអាមេរិកទៅឱ្យធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទម្លាក់បន្តទៅដល់រោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាអ្នករកស៊ីទិញស្រូវដើរប្រមូលទិញស្រូវពីប្រជាពលរដ្ឋ។

ជាមួយការទម្លាក់ថវិកានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកប្រមូលទិញស្រូវពីប្រជាពលរដ្ឋមិនត្រូវទម្លាក់ថ្លៃស្រូវពីប្រជាពលរដ្ឋនោះឡើយ ពោលត្រូវប្រមូលទិញក្នុងតម្លៃសមរម្យ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា តម្លៃស្រូវនាពេលបច្ចុប្បន្នស្ថិតនៅក្នុងចន្លោះពី ៧២០រៀល ទៅ១,៣០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះស្ថិតតាមប្រភេទស្រូវ ក្នុងនោះស្រូវចម្រុះសើមតម្លៃ ៧២០រៀល ទៅ៧៥០រៀល, ស្រូវចម្រុះស្ងួតតម្លៃ ៩០០រៀល ទៅ ៩៥០រៀល, ស្រូវធ្ងន់សើមតម្លៃ ៨៥០រៀល, ស្រូវធ្ងន់ស្ងួតតម្លៃ ១,៣០០រៀល, ស្រូវអ៉ីអ៊ែតម្លៃ ៨៣០រៀល, ស្រូវក្រអូបសើមតម្លៃ ៩៥០រៀល ទៅ១,០០០រៀល, ស្រូវក្រអូបស្ងួតតម្លៃ ១,២៥០រៀល ទៅ១,៣០០រៀល៕