សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះដល់អតីតយុទ្ធជន២គ្រួសារ នៅស្រុកកំពង់ត្របែក


(ព្រៃវែង)៖ ផ្ទះសមាគមអតីតយុទ្ធជនចំនួន២ខ្នង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាន លោក ស ថាវី អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក និងលោក យ៉ាវ សានិន ព្រមទាំងក្រុមការងារ ចុះទៅប្រគល់ជូនដល់អតីតយុទ្ធជនចំនួន ២គ្រួសារ នៅភូមិពាមន្ទា ឃុំពាមន្ទា និងភូមិរោង ឃុំចាមស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ការចុះប្រគល់ផ្ទះដល់អតីតយុទ្ធជនពីក្រុមការងារចុះជួយស្រុកកំពង់ត្របែកនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមការងារចុះជួយស្រុកកំពង់ត្របែក និងអាជ្ញាធរដែនដី ជាច្រើនរូបផងដែរ។

លោក ស ថាវី បានថ្លែងផ្តាំផ្ញើសាកសួរសុខទុកពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជនទាំង ២គ្រួសារ ដែលទទួលបានផ្ទះនៅថ្ងៃនេះ។

លោក ស ថាវី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូដល់អតីតយុទ្ធជនជានិច្ច ព្រោះពួកគាត់បានលះបង់កម្លាំងកាយចិត្ត រហូតដល់ពលីជីវិត ពិការដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាកម្លាំងឈានមុខការពារជាតិ និងប្រជាពលរដ្ឋក្នុងសរភូមិក្នុងសង្រ្គាម ដើម្បីឲ្យពលរដ្ខនៅសមរភូមិក្រោយរស់នៅបានសុខសប្បាយ។ ដូច្នេះអតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ដោយមិនអាចកាត់ថ្លៃបានឡើយ។

សូមបញ្ជាក់ថា ផ្ទះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនឈ្មោះ អន សំអុន ជាជនពិការជើងស្ដាំ រស់នៅភូមិពាមន្ទា ឃុំពាមន្ទា និងថវិការបស់ក្រុមការងារចំនួន ៣០០,០០០រៀល គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ជាច្រើន និងបានឧបត្ថម្ភអ្នកចូលរួមចំនួន ១២៥នាក់ និងបានឧបត្ថម្ភ ក្នុង១នាក់ សារ៉ុង១ និងថវិកា ១០,០០០រៀលផងដែរ។

ចំណែកអតីតយុទ្ធជនម្នាក់ទៀតឈ្មោះ ព្រុំ ស៊ីម ជាជនពិការភ្នែកទាំងពីរ រស់នៅភូមិរោង ឃុំចាមទទួលបានផ្ទះមួយខ្នង និងលោក ឌិត ទីណា ប្រធានក្រុមការងារឃុំចាម ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ជាច្រើន។

លោកអភិបាលស្រុក ក៏បានជូនថវិកាចំនួន ២០០,០០០រៀល សម្រាប់ទិញនំបញ្ចុកហូបក្នុងពិធីឡើងផ្ទះនេះផងដែរ។ ដោយឡែកប្រជាពលរដ្ឋ និងប្រជាការពារចូលរួមចំនួន ២០នាក់ ក្នុង១នាក់ និងថវិកា ៥,០០០រៀល។

អតីយុទ្ធជនទាំងពីរគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតរកប្រៀបផ្ទឹមពុំបាន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជានិច្ចជាកាលតែងតែគិតគួរដល់អតីតយុទ្ធជនគ្រប់ក្រុមគ្រួសារទីណាមានទុកលំបាកទីនោះពិតជាវត្តមានសម្តេចទាំងពីរជួយបានទាន់វេលាជានិច្ច។ ពួកគាត់សូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិផងដែរ៕