លំហាត់សមយុទ្ធទ្រង់ទ្រាយធំ លើកទី ៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ


នៅវេលាម៉ោងប្រមាណ៩និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ Full Scale Airport_Emergency Exercise ដែលមានឈ្មោះ REPEX-19 នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។ លំហាត់សមយុទ្ធនេះធ្វើឡើង ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះជាយថាហេតុណាមួយ ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានធ្វើការដុតកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ ដោយមានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនានា ក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានមានប្រសាសន៍ថា លំហាត់សមយុទ្ធនេះ ជាការដាស់ស្មារតី និង ការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវជាតិ និង អន្ដរជាតិ ដែលធ្វើដំណើរតាមយន្ដហោះ ហើយការធ្វើសមយុទ្ធនេះ ត្រូវធ្វើឲ្យបានតាមប្រតិទិនតាមគ្រោងទុក។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា លំហាត់សមយុទ្ធនេះ គឺបង្កើននូវស្មារតីយកចិត្តខ្ពស់របស់កងកម្លាំងនៅពេលដែលឧបទ្ទវហេតុគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ និង បានផ្តល់នូវបទពិសោធន៍ ចំណេះដឹងអំពីនិតិវិធីក្នុងការជួយសង្រ្គោះជនរងគ្រោះ រួមទាំងក្រុមគ្រូពេទ្យផងដែរ ។

ក្នុងនោះឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួម ព្រមទាំងក្រុមហ៊ុនអាកាសចរ និង ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានរៀបចំធ្វើលំហាត់សមយុទ្ធនេះឡើង ។ កត្តាទាំងនេះក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរខេត្ត និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចក្រុមហ៊ុនអាកាសចរ ក្នុងការពង្រឹងលើផ្នែកសន្តិសុខ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចផងដែរ ។

តាមសេចក្តីរាយការណ៍របស់គណ:កម្មការរៀបចំ បានឲ្យដឹងថា យន្តហោះរងគ្រោះនេះ មានអ្នកដំណើរជិះលើយន្តហោះ ចំនួន៧៤នាក់ ត្រូវបានទទួលរងគ្រោះថ្នាក់ទាំងអស់ និង ហើយអ្នកដែលទៅជួយសង្គ្រោះម្នាក់ក៏ត្រូវបានរងរបួសផងដែរ ។ ក្នុងនោះ របួសអាទិភាពទី ១ ចំនួន ១៤នាក់ ,អាទិភាពទី ២ ចំនួន ១៦នាក់, អាទិភាពទី ៣ ចំនួន ៣៧នាក់ និងស្លាប់ចំនួន ២១នាក់ ។ ក្នុងចំណាត់ការនោះ អ្នករងរបួសត្រូវបានក្រុមការងារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងខេត្ត និង បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញចំនួន ៣នាក់ផងដែរ ។

សូមជម្រាបជូនថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ បានរៀបចំឡើងក្នុងរយះពេល២ឆ្នាំម្ដង ដោយអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និង រដ្ឋបាលខេត្តសៀមរាប ដែលមានស្ថាប័នពាក់ព័ន្ធជិត ៣០០នាក់បានចូលរួម រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត ,យោធភូមិភាគទី៤ ,តំបន់ប្រតិបត្តិការសឹករងសៀមរាប , ក្រុមកំចាត់មីនស៊ីម៉ាក់ ,ក្រុមគ្រូពេទ្យរដ្ឋ និង ឯកជន ដោយប្រើប្រាស់រថយន្តបង្កា ពន្លត់អគ្គិភ័យអាកាសយានដ្ឋាន , ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្ត , កងរាជអាវុធហត្ថ , មន្ទីរពេទ្យយោធភូមិភាគទី៤ ,តំបន់ប្រតិបត្តិការសឹកសៀមរាប និង រថយន្តសង្រ្គោះពេទ្យឯកជនផងដែរ ។ កត្តាទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និង អាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ។

ឯកឧត្តមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៦ហើយ ក្នុងការរៀបចំនូវ លំហាត់សមយុទ្ធ ក្នុងការសង្រ្គោះដល់ជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ គឺដើមី្បធ្វើការពង្រឹងនូវ ស្មារតីដល់កងកម្លាំងសង្រ្គោះ ទាំងចំណេះដឹង បច្ចេកទេសក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ ។ ម៉្យាងទៀតក៏បង្ហាញ ពីកិច្ចសហការបានល្អរបស់អាជ្ញាធរខេត្ត ក្នុងការបញ្ជាដឹកនាំកងកម្លាំង ជាមួយមន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានកិច្ចដំណើរការទៅប្រកបដោយជោគជ័យ ព្រមទាំងទទួលបាននូវបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តក្នុងការ ជួយសង្រ្គោះនៅពេលមានកើតឡើង នូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗកើតឡើងទៀតផង ។ ឯកឧត្តមក៏បានធ្វើការ វាយតម្លៃខ្ពស់ អំពីលទ្ធផលនៃការអនុវត្ត ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះនេះផងដែរ ។ ម៉្យាងទៀតលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែលមានឈ្មោះ (REPEX-19 )នេះ ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និង ផ្តល់នូវបទពិសោធន៍ ដល់អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ក្នុងការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ។សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រតិបត្តិការក្នុងការសង្រ្គោះដល់ជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ដោយមានវត្តមានចូលរួមរបស់ឯកឧត្តមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ទៀ សីហា អភិ បាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តម អស់លោក លោកស្រីជាមេបញ្ជាការកងទ័ពអាកាស អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ មេបញ្ជាការរងយោធភូមិភាគទី៤ គណៈអភិបាលខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប កងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត និង នាយករដ្ឋបាលសាលាខេត្ត ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុមហ៊ុនអាកាសចរ រួមទាំងក្រុមគ្រូពេទ្យ ក្រុមកំចាត់មីនស៊ីម៉ា និងកងកម្លាំងជួយសង្គ្រោះជាច្រើនផងដែរ ៕