កម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ នៅប្រទេសន័រវេស ដើម្បីលុបបំបាត់គ្រាប់មីន និងគ្រាប់បែកចង្កោម


(ន័រវេស)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពអនុវត្តបន្ទាប់ពី សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស ដែលរៀបចំដោយអង្គការយុទ្ធនាការកម្ពុជា ដើម្បីលុបបំបាត់គ្រាប់មីន និងគ្រាប់បែកចង្កោម។

ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបង្ហាញពីការប្តេជ្ញា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន មនុស្សធម៌ និងការជួយសង្គ្រោះជនរងគ្រោះ។

ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវផែនការសកម្មភាពរបស់សន្និសីទ ត្រួតពិនិត្យឡើងវិញលើកទី៤ នៅទីក្រុងអូស្លូ ប្រទេសន័រវេស និងផែនសកម្មភាពបន្តដើម្បីត្រៀមឆ្លើយតប និងធនធានដែលកម្ពុជាត្រូវការ។

កិច្ចប្រជុំនេះក៏មានការចូលរួមធ្វើបទបង្ហាញពីប្រតិបត្តិការជាតិ និងអន្តរជាតិពីការប្តេជ្ញាចិត្ត និងផែនការសកម្មភាពបន្តក្នុងការបោសសម្អាតមីន និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានគោលដៅកម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥៕