(បាត់ដំបង)៖ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីស្វែងយល់ការងារមួយចំនួន និងជួយជំរុញលើកកម្ពស់ការផ្តល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរនៅក្នុងខេត្ត។
កិច្ចប្រជុំនេះបានធ្វើឡើងបនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមថ្នាក់ដឹកនាំ ស្ថាប័នតុលាការ ទីប្រឹក្សាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងជំនាញ មន្រ្តីរាជការពាក់ព័ន្ធ និងមន្រ្តីសាលាខេត្តមួយចំនួនចូលរួមផងដែរ។
ឯកឧត្តម ប៉ុល លឹម បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ និងស្វែងយល់ការងារមួយចំនួនរួមមានទី១៖ ការផ្តល់សេវារដ្ឋបាល, ទី២៖ ការងារអត្រានុកូលដ្ឋាន, ទី៣៖ ការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន, ទី៤៖ មូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់, ទី៥៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីពិភាក្សាគ្នា និងនាំគ្នាចូលរួមរកដំណោះស្រាយឱ្យបានឆាប់រហ័សផងដែរ។
សមាជិកព្រឹទ្ធសភាផ្សេងទៀតបានមានមតិថា ករណីថ្នាំញៀននៅកម្ពុជាយើងកំពុងវាយលុកខ្លាំងពីក្រុងដល់ជនបទ គឺកើតឡើងដោយមានកត្តា គួបផ្សំជាច្រើនដូចជា បើទាក់ទងទៅនឹងផ្នែកច្បាប់ គឺប្រទេសកម្ពុជាយើងពុំមានច្បាប់កាត់ទោសប្រហារជីវិត ដល់ក្រុមជួញដូរថ្នាំញៀននោះទេ។
សមាជិកព្រឹទ្ធសភាខ្លះបានលើកឡើងថា បញ្ហាអាត្រានុកូលដ្ឋាន ដែលកំពុងជួបបញ្ហាច្រើន ដូចជាសរសេរខុសសុំកែតំរូវស្ទួន…។ល។ និងបានសង្កត់ធ្ងន់ ពីបញ្ហាគ្រឿងញៀនដែលប្រទេសកម្ពុជាយើងជាប្រទេសឆ្លងកាត់ក្រុមជួញដូរគ្រឿងញៀន ទើបធ្វើឱ្យជះឥទ្ធិពលអាក្រក់ ដល់អ្នកប្រើប្រាស់គ្រឿងញៀន ជាពិសេសយុវជននៅគ្រប់មជ្ឈដ្ឋានដែលជាអ្នកបន្តវេនប្រទេសជាតិផងនោះ។ មិនតែប៉ុណ្ណោះឥទ្ធិពលគ្រឿងញៀននេះ ធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងញៀននាំឱ្យកើតមាន បទល្មើសផ្សេងៗជាច្រើន លួច ឆក់ ប្លន់ សម្លាប់ ទៀតផង។
សមាជិកព្រឹទ្ធសភាខ្លះទៀតមានមតិថា បើយើងចង់ឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្នបន្តដឹកនាំប្រទេសបានយូរអង្វែង យើងត្រូវផ្តល់ជូនប្រជាពលរដ្ឋ៣ ចំណុចសំខាន់ៗគឺ ទី១៖ បំពេញបំណងពលរដ្ឋឱ្យបានសន្តិភាពសុខសុវត្ថិភាពល្អ សន្តិភាព, ទី២៖ ប្រជាពលរដ្ឋចង់បានជីវភាពរស់នៅធូរធា សមរម្យ និងទី៣៖ ប្រជាពលរដ្ឋចង់បានយុត្តិធម៌ក្នុងសង្គម។ ៣ចំណុចខាងលើនេះ ហើយដែលធ្វើឱ្យរាជរដ្ឋាភិបាលយើងឈ្នះឆ្នោតដឹកនាំប្រទេស បានយូរអង្វែងបានបន្តទៀត។
សមាជិកផ្សេងទៀត ក៏បានលើឡើងអំពីមូលនិធិឃុំ សង្កាត់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលផ្តល់ថវិកាជាង៧ម៉ឺនដុល្លារ ឱ្យសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ឱ្យមានការរីកចម្រើន ធ្វើឱ្យឃុំ-សង្កាត់ មានការគាំទ្រពីប្រជាពលរដ្ឋសប្បាយរីករាយនាពេលអនាគត៕