ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ៤ប្រទេស នៅទីក្រុងកួឡាឡុំពួរ


(កួឡាឡុំពួរ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ៤ប្រទេស នៅទីក្រុងកួឡាឡុំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយប្រទេស៣ទៀត រួមមាន ទួរគី កាតា និងអ៊ីរ៉ង់ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ រួមមានលោក Mhathir Mohamad នាយករដ្ឋមន្រ្តីម៉ាឡេស៊ី, លោក Recep Tayyip Erdogan ប្រធានាធិបតីសាធារណរដ្ឋតួកគី, ព្រះអង្គម្ចាស់ SHEIKH TAMIN BIN HAMAD AL THANI ប្រធានាធិបតី ប្រទេសកាតា, លោក H.E Hasan Ruhani ប្រធានាធិបតីអ៊ីរ៉ង់ ព្រមទាំងមានការចូលរួមពីឥស្សរជន បញ្ញវ័ន្តសំខាន់ៗ សរុបចំនួន៥១៨នាក់ មកពី៥៦ប្រទេស។

កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ផ្តោតលើការសាមគ្គីភាពជាធ្លុងមួយ រវាងប្រទេសឥស្លាមទាំងអស់ ដោយយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ អធិបតេយ្យភាព សុចរិតភាព អភិបាលកិច្ច វប្បធម៌ យុត្តិធម៌ សន្តិសុខ សេរីភាព ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាបច្ចេកវិទ្យា និងអ៉ីនធ័រណេត ក្រោមរាជាធិបតីភាពព្រះអង្គម្ចាស់ Sultan Abdullah ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី។

គួរជម្រាបជូនថា ក្រោយបញ្ចប់កិច្ចប្រជុំនេះ នៅល្ងាចថ្ងៃដដែល ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូ បន្តទៅកាន់ប្រទេសថៃ ដើម្បីចូលរួមសន្និបាតអន្តរជាតិហាឡាលថៃលើកទី ៦ (Thailand Halal Assembly 2019) ផងដែរ៕