បញ្ហាកង្វល់នានារបស់ពលរដ្ឋនៅឃុំថ្នាធ្នង់ ខេត្តស្វាយរៀង ត្រូវបានលើកឡើងនៅក្នុងវេទិការសារធារណៈដើម្បីដោះស្រាយជូន


(ស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងឃុំថ្នាធ្នង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានចូលរួមធ្វើវេទិកាសាធារណៈ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តសិរីវង្សភូមិ-ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

វេទិកានេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំថ្នាធ្នង់ អភិបាលរងស្រុករំដួល សមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិទាំង ៧ភូមិ នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្នាធ្នង់ និងបងប្អូនប្រជាពលរដ្ឋចំនួន ១៣៨នាក់។

ក្នុងកិច្ចប្រជុំនេះប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួនដូចជា៖

*ទី១ ៖ ការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់ចូលក្នុងភូមិ
*ទី២ ៖ បញ្ហាស្នើសុំដាក់លូពីឃុំបុសមន ទៅដល់សាលាស្រុក
*ទី៣ ៖ បញ្ហាផ្លូវចូលភូមិពិបាកក្នុងការធ្វើដំណើរ។

ជាមួយគ្នានេះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ មានកូនទៅរៀន សូមឲ្យប្រុងប្រយ័ត្នកូនចៅករណីលង់ទឹក និងណែនាំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។

ឯកឧត្តមក៏បានណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងកុំរំលោភយកដីចំណីថ្នល់ ដើម្បីងាយស្រួលទៅថ្ងៃខាងមុខ ក្នុងការពង្រីកផ្លូវ ដូច្នេះសូមបងប្អូនចូលរួមសហការ ជាមួយមន្រ្តីជំនាញអគ្គិសនីកម្ពុជា ដែលចុះមកអូសខ្សែ ដំឡើងបង្គោល និងការត្រួសត្រាយដើមឈើ មែកឈើ នៅតាមផ្លូវ ក្នុងភូមិដ្ឋានជាដើម។

បន្ថែមពីនេះឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ករណីអគ្គិភ័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងជាពិសេសផ្ទាំងសូឡា ជាពិសេសនូវរដូវប្រាំងនេះ សូមបងប្អូនយកចិត្តទុកដាក់មើលថែរក្សាសុខភាព ឲ្យបានល្អ ព្រោះមានពីការប្រែប្រួលអាកាសធាតុផងដែរ៕