ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក អញ្ជើញទស្សនាស្ដង់ពិព័រណ៌ប្រៃសណីយ៍កម្ពុជា ដាក់បង្ហាញនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត


ឯកឧត្តម ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នផ្សេងៗទៀត បានផ្ដល់កិត្តិយសអញ្ជើញចូលរួមទស្សនាស្ដង់ពិព័រណ៌ ប្រៃសណីយ៍កម្ពុជា ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិធីបុណ្យសមុទ្រ នាខេត្តកំពត ដែលត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

ពិធីបុណ្យសមុទ្រជុំទី២ លើកទី៨ ឆ្នាំ២០១៩នាទីក្រុងកំពត ខេត្តកំពត បានបញ្ចប់ហើយនាព្រឹកនេះ។ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃ កន្លងមកនេះ ប្រៃសណីយ៍កម្ពុជា បានចូលបង្ហាញនូវសេវាកម្មរបស់ខ្លួនប្រកបដោយទំនុកចិត្តខ្ពស់បំផុតចំពោះអតិថិជន។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ប្រៃសណីយ៍កម្ពុជាមានដៃគូរចែកចាយបញ្ញើ១៩២ ប្រទេសជុំវិញពិភពលោក និងពាសពេញផ្ទៃប្រទេស រហ័ស សុវត្ថិភាពខ្ពស់ តម្លៃសមរម្យ ជាពិសេសប្រភេទសេវាបញ្ញើឆាប់រហ័ស EMS ទាំងសំបុត្រ ទាំងកញ្ចប់បញ្ញើអតិថិជន អាចតាមដានបញ្ញើដោយខ្លួនឯងបានតាមរយៈទូរស័ព្ទឆ្លាតវៃ (Smart phone ) ឬ អាចទូរស័ព្ទទៅកាន់លេខ 1800-21.5555»

ជាមួយគ្នានេះ ប្រៃសណីយ៍កម្ពុជា ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នផ្សេងៗទៀត បានផ្ដល់កិត្តិយសអញ្ជើញចូលរួមទស្សនា ស្ដង់ពិព័រណ៌ប្រៃសណីយ៍កម្ពុជា៕