រាជរដ្ឋាភិបាល-វិស័យឯកជន រួមគ្នាបង្កើនល្បឿន ដល់ការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ប្រកបដោយចីរភាព


ភ្នំពេញ៖ ភាគីពាក់ព័ន្ធ បានប្តេជ្ញាចិត្តជំរុញ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ភាព ជាដៃគូរវាងរដ្ឋ-ឯកជន ធ្វើយ៉ាងណាប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែក បង្កើនល្បឿន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។

នេះជាប្រសាសន៍ របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកវេទិកាសំណេះ សំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាពនៃការអនុវត្ត កាតព្វកិច្ចច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

លោករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ការបង្កើនកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និត តាមរយៈការអនុវត្ត យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម ដែលបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាបាននូវភាពសុខដុម ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ធ្វើឲ្យថយចុះនូវវិវាទការងារ បានប្រសើរជាងមុនច្រើន ដូចជាការបន្តចូលរួមអនុវត្តយ៉ាងសកម្ម ក្នុងការគាំទ្រដល់កម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍ វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។

ទន្ទឹមនឹងនេះ សមាគមសហព័ន្ធនិយោជកកម្ពុជា (CAFEBA) ក៍ជាដៃគូដ៏សំខាន់ផងដែរ ដែលបានចូលរួមធ្វើឲ្យក្រសួងអាចសម្រេច បានដោយជោគជ័យ នូវការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មវិធីការងារ សមរម្យសម្រាប់ប្រទេសកម្ពុជា និង គម្រោងនានាផងដែរ។ ក្រសួងការងារ បានត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការជាមួយ CAFEBA សំដៅលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
សូមបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានដាក់ចេញវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់ តែមានភាពល្អប្រសើរជាលំដាប់ ៕