សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស


កាលពីម្សិលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមសមាជិកសមាជិកាចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រគណមហាជន ដែលបានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ។

ច្បាស់ណាស់ គឺគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងនូវសាមគ្គីភាព និងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ គឺយើងត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាព និង ស្ថិរភាពនយោបាយសង្គម អោយបានរឹងមាំដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ដោយសារគណបក្សមានមាគ៍ាដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ មកទល់ពេលនេះគឺមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះក៏មានការចូលរួមពីសមាជិកគណបក្សនយោបាយនានាផងដែរ ដែលធ្វើអោយ គណបក្សប្រជាជនកាន់តែរឹងមាំ និងបន្តឈ្នះឆ្នោត និងកាន់តែរីកធំធាត់ទៅមុខជានិច្ច។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ធាភិបាលបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរដល់មន្រ្តី គឺហាមដាច់ខាតកុំតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានជូនពរដល់មន្រ្តីថ្នាក់ដឹកនាំ នៃគណបក្សទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងបេសកម្មដឹកនាំបម្រើប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋឲ្យទទួលបានូវផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្រោមអាណត្តិនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕