ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម


(ត្បូងឃ្មុំ)៖ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

ពិធីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម។

«ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើកក្នុងអំឡុងឆ្នាំ១៩៧១។

«ផ្សារគំរូព្រំដែនកម្ពុជា» ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជន តាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ផ្សារនេះ នឹងជួយពង្រឹងទំនាក់ទំនងល្អលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។

វត្តមានផ្សារគំរូព្រំដែនកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតលើទឹកដីតំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាម ឆ្លើយតបនឹងនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ បានដាក់ចេញនយោបាយសុទ្ធសាស្ត្រត្រីកោណ ដែលមុំមួយនៃយុទ្ធសាស្ត្រនេះ គឺសម្តេចផ្តោតលើការកសាងព្រំដែនដែលអតីតជាតំបន់សមរភូមិឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងការដោះដូរទំនិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញថា មានតែការនាំមកនូវព្រំដែនមានសន្តិភាព និងការអភិវឌ្ឍន៍នោះទេ ទើបធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនទទួលបានការអភិវឌ្ឍជីវភាព និងការរីកចម្រើន៕