អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅគ្រប់ថ្នាក់ក្រុង ស្រុក នៅរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្


ខេត្តតាកែវ៖ នៅព្រឹកអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅគ្រប់ថ្នាក់ក្រុង ស្រុក នៅរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកម្មវិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយពីដំណើរការសមាហរណកម្ម បុគ្គលិក ដែលកំពុងបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដោយផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តមួយចំនួនដែលពាក់ព័ន្ធទៅនឹងការធ្វើសមហរណកម្មទៅរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុង ស្រុក ដែលក្នុងនោះរួមមាន៖
១. អនុក្រឹត្យលេខ ១៨២ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង
២. អនុក្រឹត្យលេខ ១៨៤ អនក្រ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្ទេរមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តថា ចំពោះលិខិតបទដ្ឋានគតិយុត្តទាំងអស់នេះ និងអនុក្រឹត្យ មួយចំនួនខាងលើនេះ នឹងត្រូវធ្វើការផ្សព្វផ្សាយ ជូន លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ ឲ្យបានយល់ច្បាស់អំពីនីតិវិធី និងអនុវត្តន៍បានទៅប្រកបដោយប្រសិទ្ធខ្ពស់៕