ការិយាល័យអប់រំយុវជននិងកីឡាស្រុកកំពង់ត្រឡាចប្រជុំបូកសរុបលទ្ធផលឆ្នាំ២០១៨-២០១៩និងលើកទិសដៅឆ្នាំ២០១៩-២០២០


កំពង់ឆ្នាំងៈ លោកគិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ឆ្នាំងបានថ្លែងថាៈការប្រជុំបូកសរុបការងារអប់រំនៅថ្ងៃនេះយើងលើកយកលទ្ធផលសម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ដែលអនុវត្តទៅតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការសម្រេចបាននូវវឌ្ឍនភាពនៃការអនុវត្តវិធានការរយៈពេលខ្លី ព្រមទាំងបានធ្វើការកំណែទម្រង់អាទិភាពទាំង១៥ចំណុចដែលមន្ត្រីអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននិងពិនិត្យពិភាក្សាគ្នាដើម្បីវាយតម្លៃវឌ្ឍនភាពការងារកំណែទម្រង់ និងបញ្ហាប្រឈម ធៀបនឹងចំណុចដៅ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយលើកនូវអនុសាសន៍ថ្មីៗ និងវិធានការថ្មីៗជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តឆ្នាំ២០១៩-២០២០អោយទទួលបានសូចនករមួយប្រកបគុណភាពនិងប្រសិទ្ធភាពខ្ពស់។

លោក បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ នៅស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីអប់រំនៃការិយាល័យមន្រ្តីអប់រំស្រុកនាយកសាលាក្នុងស្រុកចូលរួមសរុបចំនួន១០០នាក់។

លោកគិត មិនារិទ្ធ ក៏បានផ្តាំផ្ញើបន្ថែមទៀតដល់សមាជិកសមាជិកាអង្គប្រជុំទាំងអស់ត្រូវពិភាក្សាគ្នាចំណុចខ្លាំងចំណុចខ្សោយ ការផ្តល់បទពិសោធន៍អោយគ្នាទៅវិញទៅមកដើម្បីធ្វើអោយបញ្ហាប្រឈមក្នុងវិស័យអប់រំមានកំរិតទាបបំផុតក្នុងឆ្នាំ២០១៩-២០២០នេះ៕