ក្រសួងកសិកម្មប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣


(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩នេះ បានធ្វើពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ពិធីនោះក៏មានការការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិក សមាជិកាប្រមាណ៤៦០នាក់។

លោករដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសរៀបចំកសាងផែនការយុទ្ធសាស្រ្តនេះ ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ សម្រេចទទួលបាននូវឯកសារគោលនយោបាយដ៏មានសារៈសំខាន់នេះ។

លោកបន្តថា ផែនការយុទ្ធសាស្រ្តនេះ បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រសួង ក្នុងការសម្រេចឲ្យបាននូវកម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាកត្តាសត្យានុម័ត ផែនការយុទ្ធសាស្រ្តនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ របស់ក្រសួងសម្រាប់ដើរឆ្ពោះទៅដល់គោល ដៅ ហើយដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈម្ចាស់ការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើឲ្យសម្រេចនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតា ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងជាពិសេសដើម្បីប្រែក្លាយវិស័យនេះ ពីកសិកម្មបែបយថាផល ឈានទៅធ្វើកសិកម្មតាមប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ ដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈកសិ-ពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីបន្តថា ស្របពេលដែលក្រសួងកំពុងជំរុញបន្ថែមទៀត ដល់សហគមន៍ កសិករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះជាមួយវិស័យឯកជន តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ ទីផ្សារ និងស្ថិរភាពតម្លៃ។ ក្រៅពីនេះ ក្រសួងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូច មធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគលើវិស័យកែច្នៃ ដើម្បីធានានូវនិរន្តរ ភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។ ហេតុដូច្នេះ នៅចំពោះមុខ ផ.យ.អ.ក ២០១៩-២០២៣ សង្ឃឹមថានឹងបន្តគាំទ្រ និងចូលរួមជំរុញល្បឿនអនុវត្តកម្មវិធីនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីបន្ថែមទៀតថា ផ.យ.អ.ក នេះ គឺប្រាកដណាស់ជាប្រទីបបង្ហាញផ្លូវសម្រាប់ឲ្យក្រសួងធ្វើ ដំណើរចំទិសដៅ បានទាន់ពេលវេលា ប្រើប្រាស់ថវិកាមានប្រសិទ្ធភាព តម្លាភាព សុគតភាព ដើម្បីធានាដំណើរការនៃការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានលក្ខណៈទំនើប ឆ្លាតវៃ នវានុវត្តន៍ ភាពប្រកួតប្រជែង និងនិរន្តរភាពក្នុងបរិបទនៃសាកលភាវូបនីយកម្ម កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា «បដិវត្តន៍ឧស្សាហកម្មទី៤»។ ជាការពិត ផ.យ.អ.ក ២០១៩- ២០២៣ ដែលយើងកំពុងផ្សព្វផ្សាយនាពេលនេះ អាចសម្រេចទៅបានដោយជោគជ័យ ដ៏រាបណាអន្តរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សហគមន៍កសិកម្ម អង្គការជាតិ-អន្តរជាតិ ទាំងអស់បន្តផ្តល់កិច្ចសហការ ជ្រោមជ្រែង និងគាំទ្រពេញលេញស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដែគូអភិវឌ្ឍន៍ និងសហគមន៍»។

ឆ្លៀតយកឱកាសនេះ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម និងជាពិសេសដើម្បីឲ្យការអនុវត្ត ផ.យ.អ.ក ២០១៩-២០២៣ ទទួលបានជោគជ័យតាមគោលដៅរំពឹងទុក លោករដ្ឋមន្ត្រីបានផ្តល់នូវការណែនាំ និងដាក់ចេញនូវវិធានការគន្លឹះមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះ យកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអនុសាសន៍ទាំងនោះពាក់ព័ន្ធនឹង៖

* ការធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅ លើអនុវិស័យឲ្យកាន់តែទូលំទូលាយ។

* អង្គភាពជំនាញក្រោមឱវាទ ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឲ្យបានគ្រប់ជ្រុងជ្រោយ ពិនិត្យមើលឡើងវិញរាល់គម្រោង ឬកម្មវិធីកំពុងដំណើរការ។

* មន្ទីរកសិកម្ម រាជធានី-ខេត្តត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិលតាមលំដាប់អាទិភាព និងអាណត្តិរបស់ ផ.យ.អ.ក. ២០១៩-២០២៣។

* ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ត្រូវតម្រង់ទិសដៅឲ្យបានសមស្របតាម ផ.យ.អ.ក. ២០១៩ -២០២៣។

* គ្រប់អង្គភាពជំនាញ មន្ទីរ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ត្រូវសហការអនុវត្តបច្ចេក វិទ្យាវៃឆ្លាត ប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យកសិផលអាចប្រកួតប្រជែង កាត់ បន្ថយថ្លៃដើម ធានាគុណភាព សុវត្ថិភាពស្របតាមតម្រូវការ ស្តង់ដារទីផ្សារ និងជំរុញអនុវត្តកសិកម្មល្អ។

* គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមគិតគូពីខ្សែច្រវាក់តម្លៃ ខ្សែច្រវាក់ផលិតកម្ម ជំរុញដំណើរការកសិ-ធុរកិច្ចប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ភ្ជាប់ទីផ្សារកសិផលតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា និងយន្តការភាពជាដៃគូរវាង «រដ្ឋ-ឯកជន និងអ្នកផលិត» (Agriculture PPP)។

* ត្រូវចូលរួមអនុវត្តឲ្យកាន់តែសកម្ម ទូលាយនូវវិធានការបន្ស៊ាំ ឬភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ៕