ឯកឧត្តម ទិត ចន្ថា អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី ការសិក្សាស្រាវជ្រាវ និងគោលនយោបាយជាតិលើវិស័យទេសចរណ៍


ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី “ការសិក្សាស្រាវជ្រាវ និងគោលនយោបាយជាតិលើវិស័យទេសចរណ៍” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) នៅរាជធានីភ្នំពេញ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមរបស់ លោកជំទាវ នាយកវិទ្យាស្ថានជាតិទេសចរណ៍ លោក លោកស្រី នាយករងវិទ្យាស្ថាន ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីជំនាញនៃក្រសួងទេសចរណ៍ និងលោក លោកស្រី ព្រឹទ្ធបុរសរង ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ និងនិស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ក្នុងឆ្នាំទី៣ និងទី៤ ចំនួនប្រមាណ ៣០០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ជម្រុញការចូលរួម និងលើកកម្ពស់សកម្មភាពស្រាវជ្រាវសំដៅប្រមូលធាតុចូល ចងក្រងឯកសារក្នុងក្របខណ្ឌគុណវុឌ្ឍិបំរើវិស័យទេសចរណ៍កម្ពុជា។ សិក្ខាសាលានេះ មានវាគ្មិនចំនួន ១២រូបបានធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នា ដែលមានខ្លឹមសារ ផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយជាតិ និងសារៈសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងច្បាប់ក្នុងវិស័យទេសរណ៍។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ និងមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចំរើន គួរអោយកត់សម្គាល់។ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវស្របតាមចក្ខុវិស័យ ទេសចរអន្តរជាតិបានមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវក្នុងគោលនយោបាយទេសចរណ៍ធ្វើឱ្យយើងអាចមើលឃើញពីបញ្ហា និងសិក្សាស្វែងរកដំណោះស្រាយ ជួយក្នុងការអភិវឌ្ឍ និងផ្តល់បទពិសោធន៍ទេសចរណ៍ដែលអាចឆ្លើយតប ឬបន្ថែមលើសពីការរំពឹងទុករបស់ភ្ញៀវទេសចរ និងជួយបង្កើតការច្នៃប្រឌិតនិងគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍។

នាឱកាសនេះផងដែរ លោកជំទាវ ប៉ូច វរលក្ខណ៍ នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ថា៖ ការស្រាវជ្រាវមិនត្រឹមតែមានសារៈសំខាន់សម្រាប់និស្សិតនិងអ្នកសិក្សាប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់អ្នកជំនាញទាំងអស់ ជាពិសេសការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ត្រូវធ្វើឡើងក្នុងភាពជាដៃគូ ដើម្បីចងក្រងជាឯកសារស្នាដៃឆ្នើម និងផ្សព្វផ្សាយទេសចរណ៍ ដោយត្រូវផ្តោតទៅលើរមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត និងការគោរពនូវតម្លៃប្រពៃណី ទំនៀមទំលាប់របស់ជាតិ ក្នុងន័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយដែលមានការជ្រើសរើសពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ដោយធ្វើការបង្កើតយន្តការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ សមស្របតាមសន្ទុះរីកចម្រើននៃវិស័យទេសចរណ៍ ការសិក្សាស្រាវជ្រាវដើរតួនាទីជាស្ពានដើម្បីសំរេចគោលដៅ។