គម្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តសៀមរាប បានកំពុងដំណើរការសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង​ ៧០០ម៉ែត្រ​ 


បន្ទាប់ពីបេីកការដ្ឋានសាងសង់ផ្លូវផ្លូវបេតុងក្នុងក្រុងសៀមរាប​ ​កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩រួចមក​ ពេលនេះក្រុមការងារបច្ចេកទេសបាន​ និងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំឱ្យរួចរាល់តាមផែនការកំណត់។

ជាមួយនឹងការសាងសង់ផ្លូវបេតុងនេះ​ ក្រុមការងារ​បច្ចេកទេស​ នឹងធ្វេីការងារសាសង់ប្រព័ន្ធលូប្រអប់បង្ហូរទឹកឲ្យរួចរាល់ជាមុនសិន​ ទេីបក្រុមការងារសាងសង់ផ្លូវតាមក្រោយ​ ដេីម្បីជៀសវាងគ្មានប្រព័ន្ធទឹកហូរ។ ម្យ៉ាងទៀត​ ផ្លូវដែលបានសាងសង់ប្រពន្ធលូរួច​ ក្រុមការងារបច្ចេកទេសក៏បានធ្វេីការរៀបចំគ្រឹះផ្លូវ​ដេីម្បីកិនបង្ហាប់មុននឹងដំណេីរការចាក់បេតុង។

សូមបញ្ជាក់ផ្លូវបេតុងកំពុងសាងសង់​ និងដាក់លូបង្ហូរទឹកបណ្តោយផ្លូវ មុខកាត់​ ១ម៉ែត្រ ស្ថិតនៅភូមិវត្តបូព៌ា​ ចាប់ពីចំណុចខាងកេីត​សាលាបឋមសិក្សាវត្តបូព៌ា​ ត្រង់ទៅត្បូង​ដល់ផ្លូវ៧មករា​(ផ្លូវវិទ្យាល័យអង្គរ​ ក្បែរអតីតទីតាំងលក់គ្រឿងសំណង់ តុងសេង)​ ប្រវែង​៧០០ម៉ែត្រ​ ទទឹង​ ៧ម៉ែត្រ​។

ទន្ទឹមនឹងការសាងសង់នេះ​ អាជ្ញាធរខេត្តសូមការយោគល់ពីបងប្អូនសាធារណជន ពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវដែលកំពុងដំណើរការសាងសង់នេះ​ មេត្តាយោគយល់ក្នុងអំឡុងពេលដំណើរការសាងសង់ដែលអាចបង្កការលំបាកធ្វើដំណើរ ការកកស្ទះចរាចរ និងផលប៉ះពាល់បរិស្ថានផងដែរ៕