ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ ២០១៩ទាំងអស់ ត្រូវផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស


ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដំបូងដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ចំនួន១២១នាក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់ក្រសួងផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី បង្ហាញនូវបទពិសោធន៍ ក៏ដូចជាគំនិតថ្មីៗរបស់ខ្លួនដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្របខណ្ឌថ្មីទាំងអស់ ត្រូវចេះសហការគ្នាល្អ មានសាមគ្គីភាព មិត្តភាព រូបរួមគ្នាក្រោមដំបូលតែមួយនៃមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ជួយគ្នាទៅវិញទៅមក តាមដានការបំពេញការងារ និងរៀបចំគោលដៅរបស់ខ្លួនដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ក្នុងនាមជាអ្នកបម្រើរាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា៖ ភាគីចិនបានឯកភាពផ្ដល់ថវិកាចំនួន ២.០០០.០០០ដុល្លារសហរដ្ឋអាមេរិកតាមសំណើរបស់ក្រសួង ដើម្បីកសាងអគារវិទ្យាស្ថាន បណ្ដុះ បណ្ដាលមួយ ដែលមានទីតាំងឋិតនៅទីស្ដីការក្រសួងថ្មីដែលកំពុងដំណើរការរសាងសង់ ដែលគ្រោងបើក ការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយបណ្ដុះបណ្ដាលឲ្យមន្ត្រីរបស់ក្រសួងមានសមត្ថភាព បំពេញការងារកាន់តែប្រសើរឡើងថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះមន្ត្រីដែលទើប ប្រឡងជាប់ក្របខណ្ឌថ្មីឆ្នាំ២០១៩ ហើយក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន៕