យុវជនអច្ឆរិយៈកម្ពុជា «សាលិ» ទទួលបានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា


(ស៊ូជី, ចិន)៖ ក្នុងដំណើរបំពេញការងារនៅក្នុងប្រទេសចិន ឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញទៅឧទ្យានអប់រំហៃលៀង (Hailiang Education Park) ជួបសួរសុខទុក្ខកុមារា ធុច សាលិ ដែលកំពុងសិក្សានៅក្នុងឧទ្យានអប់រំក្នុងប្រទេសចិននេះ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ សុក្រឹត្យា បាននាំយកនូវក្តីនឹករលឹក និងពាក្យពេចន៍ផ្តាំផ្ញើសួរទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកុមារា សាលិ និងសិស្សនៅទីនោះ ព្រមទាំងបាននាំយកអំណោយជាកាដូឆ្នាំថ្មីរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពួកគេផងដែរ។

សាលី ត្រូវបានគេឱ្យរហស្សនាមជាក្មេងអច្ឆរិយៈរបស់កម្ពុជា ដែលល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា ក៏ដូចជាប្រទេសចិនផងដែរ ដោយសារតែរូបគេចេះនិយាយ ១៧ភាសា។ សាលី មានស្រុកកំណើតនៅខេត្តបាត់ដំបង និងធ្លាប់ជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមប្រាសាទបុរាណនានា ក្នុងខេត្តសៀមរាប ហើយនៅខែវិច្ឆិកា ឆ្នាំ២០១៨ សាលី ត្រូវបានស្ត្រីទេសចរជនជាតិម៉ាឡេស៊ីម្នាក់បង្ហោះវីដេអូនៅលើប្រព័ន្ធអ៉ីនធឺណិត ស្តីពីទេពកោសល្យផ្នែកភាសារបស់គាត់ ដែលនាំឱ្យមានឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃ។

បន្ទាប់ពីមានការចែកចាយយ៉ាងផុលផុសនូវវីដេអូនោះ លោក Feng Hailiang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hailiang Group បានទស្សនាវីដេអូនេះ នៅលើទូរស័ព្ទដៃរបស់លោក ហើយចាប់អារម្មណ៍ថា សាលី ពិតក្មេងម្នាក់ឆ្លាត និងពូកែខាងភាសា។ លោកបានគិតថា ប្រសិនបើ សាលិ ទទួលបានការបណ្ដុះបណ្ដាលដ៏ល្អមួយ នៅពេលអនាគតគាត់នឹងអាចក្លាយជាអ្នកមានទេពកោសល្យម្នាក់នៅក្នុងសង្គមជាក់ជាមិនខាន។

ក្រោយពីគិតដូច្នោះ លោក Feng Hailiang ក៏បានស្នើសុំឱ្យគណៈគ្រប់គ្រងនៃឧទ្យានអប់រំហៃលៀង (Hailiang Education Park) ស្វែងរក សាលី និងផ្ដល់អាហារូបករណ៍ដល់យុវសិស្សម្នាក់នេះ ដើម្បីបំពេញក្តីសុបិន្តដែលចង់ទៅបន្តការសិក្សានៅមហាវិទ្យាល័យនៅទីក្រុងប៉េកាំង។ សាលិ បានមកដល់ប្រទេសចិនចំនួន ៥ខែហើយ ក្រៅពីរៀនសូត្រ យុវសិស្សរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញសារព័ត៌មានចិន ហើយបានក្លាយជា «Net Idol» ដ៏មានប្រជាប្រិយភាព។

ឧទ្យានអប់រំហៃលៀង (Hailiang Education Park) តាមរយៈគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» បានផ្ដល់អាហារូបករណ៍មិនគិតថ្លៃដល់យុវជនក្រីក្រដែលមានសមត្ថភាពមួយចំនួននៅតាមបណ្តាប្រទេសស្ថិតក្នុងគម្រោង «ខ្សែក្រវាត់ និងផ្លូវ» ឱ្យទទួលបានការអប់រំនៅប្រទេសចិនជារៀងរាល់ឆ្នាំ។

ដោយមើឃើញពីប្រជាប្រិយភាពរបស់ សាលិ ក្នុងបណ្តាញអ៉ីនធឺណេតរបស់ចិននោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ គ្រោងរៀបចំឱ្យ សាលិ ជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងការវិនិយោគទុននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតក៏បានសំណូមពរឱ្យយុវជន សាលិ លើកឡើងពីវីរភាព និងគោលនយោបាយរក្សាទំនាក់ទំនងល្អជាមួយចិនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅគ្រប់វេទិការដែលមានយុវជនបានចូលរួមផងដែរ៕