ក្រុមហ៊ុន Royal Group ចាប់ដៃគ្នាជាមួយចិន ចាយទុនជាង ២៨៥ លានដុល្លារអាមេរិកអភិវឌ្ឍកោះរ៉ុងឲ្យក្លាយជាតំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក


យោងតាមព័ត៌មានពីស្ថានីយ៍ទូរទស្សន៍ CNC បានឲ្យដឹងថាក្រុមហ៊ុន Royal Group​ បានប្រកាសគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិនដែលមានទំហំទឹកប្រាក់វិនិយោគ ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅលើកោះរ៉ុងក្នុងខេត្តព្រះសីហនុ។ ដោយគម្រោងនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីជួបជុំដៃគូវិនិយោគចិន ដើម្បីអភិវឌ្ឍគម្រោងកោះរ៉ុងដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប (Royal Galaxy Group)​ បានសម្រេចចិត្តវិនិយោគរួមគ្នាដើម្បីសាងសង់ រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់ តាមរយៈការសាងសង់សណ្ឋាគាលំដាប់ផ្កាយ ៥ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ កន្លែងកម្សាន្ត និងការកម្សាន្តបែបក្នុងទឹក កម្សាន្តបែបចិន និងលោកខាងលិច ក្លឹបសមុទ្រ ក្លឹបកម្សាន្តទូក ហាងដែលមិនបង់ពន្ធ និងផ្សារទំនើបធំៗ ជាពិសេសផ្ទះវីឡាលំហែកាយទេសភាពសមុទ្រជាង ៦០០ ខ្នង។

ជាមួយគ្នានេះក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារ និងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀត ដើម្បីអភិវឌ្ឍកោះរ៉ុងឲ្យប្រែក្លាយជា កោះប្រវត្តិសាស្រ្តជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកផងដែរថាកាលពីឆ្នាំ២០០៨ ក្រុមហ៊ុន Royal Group បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍក្រុងទាំងមូលឲ្យក្លាយទៅជាតំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក។ ហើយតាមរយៈកិច្ចសន្យាសម្បទាននេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់អាកាសយានដ្ឋាននៅលើកោះរ៉ុងផងដែរ៕