សម្តេចតេជោ ហ៊ុន សែន អរគុណជនរួមជាតិ គាំទ្រសារនយោបាយ «អរគុណសន្តិភាព»


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។

នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ សម្តេចតេជោ បន្ថែមថា មនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» នេះ បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅទំព័រ Facebook យ៉ាងដូច្នេះថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ (អរគុណសន្តិភាព) ដែលខ្ញុំយល់ថា វាមានតម្លៃមិនសាបសូន្យមិនថា កន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព!»

សូមបញ្ជាក់ថា គ្រាន់តែឆ្នាំថ្មីឆ្នាំ២០២០ ចូលមកដល់ភ្លាមគ្រាដែលប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់នាំគ្នាធ្វើពិធីជួបជុំសប្បាយផ្សេងៗ ដើម្បីស្វាគមន៍ការឆ្លងឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវសារនយោបាយរំលេចឡើងនូវពាក្យ «អរគុណសន្តិភាព»។ ការរំលេចនូវពាក្យនេះ គឺសម្តេចតេជោ បានផ្តល់តម្លៃខ្ពស់បំផុតសម្រាប់ «សន្តិភាព» ពោលសម្តេចបានមើលឃើញថា គ្មានសន្តិភាព គ្មានការជួបជុំ គ្មានការសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។

ពាក្យ «អរគុណសន្តិភាព!» ត្រូវបានប្រជាពលរដ្ឋខ្មែរយកមកផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាតលើបណ្តាញសង្គម។ ពាក្យ «អរគុណសន្តិភាព!» នេះ ក៏ត្រូវបានយកទៅចងនៅតាមក្រសួង ស្ថាប័នរបស់រដ្ឋផងដែរ៕