ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់រដ្ឋបាលខេត្ត


(ត្បូងឃ្មុំ)៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ ក្រោមអធិបតី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ស៊ាក ឡេង បានលើកឡើងថា ដើម្បីឲ្យខេត្តត្បូងឃ្មុំមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្នុងនាមអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ឲ្យទទួលបានលទ្ធផលល្អ។ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ និងការអភិវឌ្ឍខេត្តត្បូងឃ្មុំរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម ស៊ាក ឡេង ក៏បានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនឲ្យបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំឲ្យបានលឿន និងត្រឹមត្រូវច្បាស់លាស់។

ឯកឧត្តម ហាក់ សុខមករា បានឲ្យដឹងថា ចំពោះការចុះជួយតាមមូលដ្ឋានរបស់ប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈ ឲ្យបានល្អប្រសើរ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវេលាផងដែរ។

សូមជម្រាបថា របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនោះ រួមមាន៖ ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៏វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ ២០១៩ និង៤- បញ្ហាផ្សេងៗ៕