លោកជំទាវ ឃួន សុដារី ដឹកនាំសមាជិកសភាចូលរួមរំលែកមរណទុក្ខ និងនាំយកនូវថវិកា១១លានរៀល ជូនដល់គ្រួសារសពរងគ្រោះដោយបាក់អគារនៅកែប


(កណ្ដាល)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិកសភា មណ្ឌលខេត្តកណ្ដាល រួមមានឯកឧត្តម អ៊ុក ដាមរី,ឯកឧត្តម ង៉ោ សុវណ្ណ, ឯកឧត្តម សុះ មុះសិន, ឯកឧត្តម ជិន សុខុន និងឯកឧត្តម ទី សុគន្ធ អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឈ្មោះ រ៉ូ បូរី ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដែលរងគ្រោះដោយឧបទ្ទវហេតុបាក់អគារ នៅខេត្តកែប ។

ក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងសមាជិកសភាមណ្ឌលកណ្តាល ក៏បាននាំយកនូវថវិកាចំនួន១១លានរៀល និងគ្រឿងឧបភោគ បរិភោគ រួមមានអង្ករ ១០០គីឡូក្រាម ទឹកក្រូច៥កេស ត្រីខ៥យួរ មី៥កេស ទឹកត្រី២យួរ ដែលនៅក្នុងនោះរួមមានថវិការបស់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចំនួន៣លានរៀលផងដែរ ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជាផ្តាំផ្ញើ សួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ យ៉ាងក្រៃលែងចំពោះសោកនាដកម្មដែលបានកើតឡើងចំពោះគ្រួសារជនរងគ្រោះ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពី ប្រមុខថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ ទន្ទឹមនឹងនេះលោកស្រី សូមបួងសួងដល់វិញ្ញាណក្ខន្ធ សពជនរងគ្រោះ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕