ថាមពលវារីអគ្គិសនីឡាវ១៩៥មេហ្កាវ៉ាត់ បានភ្ជាប់មកប្រព័ន្ធបណ្តាញជាតិកម្ពុជា ដោយជោគជ័យ កម្ពុជានឹងលែងជួបបញ្ហាខ្វះខាតអគ្គិសនី !


ទីបំផុត! ថាមពលវារីអគ្គិសនីឡាវ១៩៥មេហ្កាវ៉ាត់ ត្រូវបានភ្ជាប់មកប្រព័ន្ធបណ្តាញជាតិកម្ពុជា ដោយជោគជ័យ នៅម៉ោង៤៖៥៨រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាននៅល្ងាចថ្ងៃទី០៧ ខែមករានេះ។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ទៀតថា ថាមពលអគ្គិសនី១៩៥មេហ្កាវ៉ាត់នេះ គឺជាថាមពលស្អាតពីរោងចក្រវារីអគ្គិសនីដូនសាហុង ក្នុងទឹកដីឡាវ។

ឯកឧត្តមអគ្គនាយកបានចាត់ទុក ការតភ្ជាប់ថាមពលអគ្គិសនីពីឡាវ មកប្រព័ន្ធបណ្តាញជាតិកម្ពុជានេះ គឺជាផ្លែផ្កានៃការខិតខំរបស់ប្រទេសទាំងពីរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥។ ដោយខាងភាគីកម្ពុជា បានសម្រុកធ្វើខ្សែបញ្ជូនទាំងយប់ទាំងថ្ងៃ ទៅខេត្តស្ទឹងត្រែង និងពីខេត្តស្ទឹងត្រែង ទៅព្រំដែនឡាវ ដើម្បីទទួលយកថាមពលនេះ ឲ្យបានមុនផែនការឆ្នាំ២០២១ ដែលចែងក្នុងកិច្ចព្រមព្រៀង។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ នៅម៉ោង៤៖៥៨នាទីរសៀល ប្រព័ន្ធអគ្គិសនីកម្ពុជាយើងបានទទួលស្រូបយកប្រព័ន្ធអគ្គិសនី ពីវារីអគ្គិសនីដនសាហុង ប្រទេសឡាវ បាន១៩៥មេហ្គាវ៉ាត់ដូចកិច្ចព្រមព្រៀង។ មានន័យថា យើងធ្វើបានមុនផែនការ១ឆ្នាំ ដែលនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្រទេសទាំង២ ហើយក៏ជាផ្លែផ្កាមួយបន្ថែមទៀត របស់កម្ពុជា ដើម្បីជួយឲ្យការផ្គត់ផ្គង់ថាមពលក្នុងប្រព័ន្ធរបស់ជាតិពុំមានការខ្វះខាត»

ឯកឧត្តមអគ្គនាយកបានបញ្ជាក់ទៀតថា ជាមួយនឹងការតភ្ជាប់ថាមពលអគ្គិសនី១៩៥មេហ្គាវ៉ាត់ពីប្រទេសឡាវ និងជាមួយការដាក់ឲ្យដំណើរការប្រភពថាមពល១៥០មេហ្គាវ៉ាត់ ដើរដោយរោងចក្រធ្យូងថ្ម នៅខេត្តព្រះសីហនុកាលពីខែមុននេះ ហើយជាមួយនឹងវិធានការដទៃទៀត ដែលអគ្គិសនីកម្ពុជា បានគិតគូររៀបចំឡើងនេះ គឺអាចនិយាយបានថា នៅឆ្នាំ២០២០នេះ កម្ពុជានឹងលែងជួបបញ្ហាខ្វះខាតអគ្គិសនីទៀតហើយ។

ឯកឧត្តមបន្តថា ក្រៅពីវិធានការទាំងអស់នេះ អគ្គិសនីកម្ពុជាក៏មានវិធានការជាច្រើនទៀត ដែលអគ្គិសនីកម្ពុជា បានកំពុងតែខិតខំប្រឹងប្រែង ដើម្បីឆ្លើយបតនឹងតម្រូវការកើនឡើង នៃការប្រើប្រាស់អគ្គិសនី ស្របទៅនឹងកំណើនសេដ្ឋកិច្ច ដែលចេះតែបន្តកើនឡើងជាលំដាប់ ធ្វើយ៉ាងណានៅថ្ងៃអនាគតកម្ពុជា អាចមានលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការផ្គត់ផ្គង់នៅទូទាំងប្រទេស ក៏ដូចជាធ្វើឲ្យតម្លៃអគ្គិសនី កាន់តែប្រសើរជាងបច្ចុប្បន្ន។

ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ថា បើទោះបីជានៅពេលនេះ អគ្គិសនីកម្ពុជា អាចមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ក្តី ក៏អគ្គិសនីកម្ពុជា មិនបានភ្លេចមួយវិនាទីណាឡើយ ក្នុងការគិតគូរ ចំពោះបង្កើននូវប្រភពអគ្គីសនីថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រទេសជាតិ ដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក កែវ រតនៈ ក៏បានស្នើសូមការយោគយល់ផងដែរ ចំពោះបញ្ហាអគ្គិសនីនេះ ដោយសារតែការបង្កើត ឬការកសាងប្រពភអគ្គិសនីនីមួយៗ ត្រូវចំណាយពេលវេលាយូរ ដែលយ៉ាងហោចណាស់ក៏ចាប់ពី៣ឆ្នាំឡើងផងដែរ៕