មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ឯកឧត្តម ស្មាន ទៀត ប្រាប់ពលរដ្ឋខ្មែរឥស្លាមថា «មានថ្ងៃ៧មករា ទើបពួកយើងមានថ្ងៃនេះ»


(ពោធិ៍សាត់)៖ ឯកឧត្តម ស្មាន ទៀត រដ្ឋលេខាធិការធិការក្រសួងរ៉ែ និងថាមពល ប្រាប់សាសនិកខ្មែរឥស្លាមថា «យើងទាំងអស់គ្នា អរគុណសន្តិភាព, ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ពួកយើង បើសិនគ្មានថ្ងៃ៧មករាទេ ពួកយើងក៏គ្មានជីវិតមកញញឹមដូចថ្ងៃនេះដែរ ដូច្នេះយើងត្រូវដឹងគុណ គុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបបសាហាវយង់ឃ្នងអាវខ្មៅ ពល ពត»។

ឯកឧត្តម ស្មាន ទៀត បានថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ គ្រាដែលឯកឧត្តម និងសហការីចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្ពាន មួយខ្សែប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងឃុំចំនួន២ ដែលតភ្ជាប់គ្នារវាងឃុំរលាំង ក្នុងស្រុកកណ្តៀង និងឃុំកំពង់ពោធិ៍ ក្នុងស្រុកក្រគរ។ ក្នុងនោះឯកឧត្តមក៏បានផ្តល់ ថវិកាបន្ថែមដើម្បីបន្តការសាងសង់ និងជំរុញឲ្យបានរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋត្រូវចេះរួបរួម សាមគ្គីគ្នា និងចេះស្រលាញ់ និងការពារសន្តិភាព បានមកដោយការពលីកម្ម គ្រប់បែបយ៉ាងរបស់គណបក្សប្រជាជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងៗទៀត។

ឯកឧត្តមបន្ថែមថា ស្មារតីសាមគ្គីសង្រ្គោះជាតិ របស់គណបក្សប្រជាជនកម្ពុជា បានតស៊ូរំដោះជាតិ រំដោះប្រជាជនខ្មែរទាំងអស់ ឲ្យរួចផុតពីរណ្ដៅនរកនៃរបបអាវខ្មៅ ប៉ុល ពត ដ៏សាហាវយង់ឃ្នង កាប់សម្លាប់ប្រជាជនស្លូតត្រង់ សម្លាប់អ្នកចេះដឹងខ្មែរចោលស្ទើរទាំងអស់ ដែលនេះជាសោកនាដកម្មដ៏សែនខ្លោចផ្សា។ បើគង់តែបាន ការតស៊ូរំដោះ របស់គណបក្សប្រជាជនទេនោះ ម្លោះប្រជាជាតិ ប្រជាជានជនច្បាស់ជាវីវរ មានទុក្ខធ្ងន់កាន់តែខ្លាំងឡើងមិនខាន។

ឯកឧត្តមរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលជ័យជម្នះរួចមក ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន ឃើញថាស្រុកទេសមានការផ្លាស់ប្ដូរមុខមាត់គួរឲ្យភ្ញាក់ផ្អើល មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន វត្តអារាម វិហារសាសនាឥស្លាម សាសនាគ្រិស្ត អគារខ្ពស់ៗ ប្រព័ន្ធធារាសាស្ត្រកាន់តែទំនើប ប្រជាពលរដ្ឋមានជីវភាពធូរធារ មានមធ្យោបាយ និងសម្ភារទំនើបៗប្រើប្រាស់ និងមានសេដ្ឋកិច្ចហក់លោតខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕